(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបន្តសហការជាមួយគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ក្រសួង ស្ថាប័ន ចុះផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ក្នុងពិធីបុណ្យប្រណាំងទូក និងថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីបញ្ជូនសារទៅកាន់ប្រជាពលរដ្ឋជាការពញ្ញាក់ស្មារតីនិងបង្កើនការចូលរួមបន្ថែមទៀតដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងក្រុមគ្រួសារ និងសហកមន៍។

លើកឡើងនាឳកាសនោះលោកឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឱ្យដឹងពីការផ្សព្វផ្សាយនេះថា ខិត្តប័ណ្ណប្រឆាំងគ្រឿងញៀនច្រើនម៉ឺនសន្លឹក បដារាប់សិបសារប្រមានពីប្រឆាំងគ្រឿងញៀនត្ រូវបានចែកផ្សព្វផ្សាយតាមទីតាំង​ ផ្លូវសំខាន់​ៗ​ និងផ្លូវចេញ-ចូល-ឆ្លងកាត់រាជធានី-ខេត្ត រមណីយដ្ឋាន អានសារដោយពិធីក​រពិធីប្រណាំងទូក​ និងប្រគំតន្រ្តីក្រុមហ៊ុនតាមប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គម វិទ្យុ ទូរទស្សន៍ កាសែត ផ្សាយសារអប់រំនៅលើទូរសព័្ទដៃ។

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ ឧត្តមសេនីយ៍ទោ លឹម តុងហួត បានប្រាប់បន្តថា ការងារផ្សព្វផ្សាយជាការសំខាន់ចាំបាច់មួយដែលត្រូវការការចូលរួមជាចាំបាច់ពីគ្រប់សមាសភាពទាំងអស់ក្នុងសង្គមជាការងាររួម ដោយមិនមែនជាការងារផ្តាច់មុខរបស់អ្នកណាម្នាក់ឬក្រុមណាមួយឡើយ និងបានថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ដែលបានផ្តល់កិច្ចសហការផ្សព្វផ្សាយ និងវិស័យឯកជនមានគ្រឹះស្ថានហិរញ្ញវត្ថុអិលអូអិលស៊ីជាដើម ដែលបានជួយឧបត្ថម្ភសម្ភារ មធ្យោបាយសម្រាប់ដំណើរការផ្សព្វផ្សាយ៕