(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងលើកទឹកចិត្តឱ្យវិនិយោគិនវៀតណាមមកបណ្តាក់ទុន និងធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងវិញនៅកម្ពុជា ជាពិសេសក្នុងវិស័យដែលកំពុងមានសក្តានុពលខ្ពស់នៅកម្ពុជា ដូចជាកសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ និងឧស្សាហកម្មកម្មន្តសាលធុនស្រាល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ នាល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេច និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាអធិបតីបើកវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម២០២២។
សម្តេចតេជោ ហ៊ុន សែន លើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យវិនិយោគិនវៀតណាមមកបណ្តាក់ទុន ធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងវិញនៅកម្ពុជា ជាពិសេសក្នុងវិស័យដែលកំពុងមានសក្តានុពលខ្ពស់នៅកម្ពុជា ដូចជាកសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ និងឧស្សាហកម្មកម្មន្តសាលធុនស្រាលជាដើម»។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងកម្ពុជា និងវៀតណាម គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ មានកំណើនប្រមាណជាង ៣៤% ក្នុងវិស័យវិនិយោគ តាមការរាយការណ៍របស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ឃើញថាការវិនិយោគឯកជន គិតពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ មានការកើនឡើងប្រមាណ ១,៣%។
ប៉ុន្តែសម្តេចតេជោ បានកត់សម្គាល់ដូច្នេះថា «យើងពុំឃើញមានវត្តមានគម្រោងវិនិយោគថ្មីរបស់វៀតណាមនៅកម្ពុជាសោះក្នុងឆ្នាំនេះ និងឆ្នាំ២០២១កន្លងទៅ ពុំដូចកាលពីមុនមានវិបត្តិជំងឺកូវីដ១៩ ដែលវិនិយោគិនវៀតណាម បានមកបណ្តាក់ទុនច្រើននៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម និងវិស័យទូរគមនាគមន៍»។
សម្តេចបានលើកឡើងថា ក្នុងឆ្នាំ២០២២នេះ ស្ថានការណ៍ហាក់មានភាពធូរស្រាលជាងមុនសម្រាប់កម្ពុជា ដោយយោងតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,៥% ក្នុងឆ្នាំ២០២២ និង ៦,៦% ក្នុងឆ្នាំ២០២៣។ នេះជាការគុសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
ការងើបឡើងវិញជាបណ្តើរៗនៃសេដ្ឋកិច្ចកម្ពុជា គឺដោយសារកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្ម និងម្ចាស់ការរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញ នូវវិធានការរក្សាលំនឹងសង្គម សេដ្ឋកិច្ចទាន់ពេលវេលាជាបន្តបន្ទាប់ ជាមួយនឹងការចូលរួមយ៉ាងខ្លាំងក្លារបស់ប្រជាជនកម្ពុជាក្នុងស្មារតីប្រយុទ្ធប្រឆាំងនឹងវិបត្តិនៃជំងឺកូវីដ១៩ បានបង្កើតនូវភាពសុំសហគមន៍ និងបានចូលរួមពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កិច្ចអភិវឌ្ឍឡើងវិញឱ្យកាន់តែរឹងមាំសម្រាប់កម្ពុជា៕