(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជាមានបំណងផ្សារភ្ជាប់ខ្សែច្រវាក់ផលិតកម្មយានយន្ត និងអេឡិចត្រូនិក តាមរយៈការបង្កើតយុទ្ធសាស្ត្រប្រទេសបូក ជាពិសេសជាមួយប្រទេសវៀតណាម ដែលជាជម្រើសទី១។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។
«កម្ពុជាមានបំណងផ្សារភ្ជាប់ខ្សែច្រវាក់ផលិតកម្មយានយន្ត និងអេឡិចត្រូនិក តាមរយៈការបង្កើតយុទ្ធសាស្ត្រប្រទេសបូក ជាពិសេសជាមួយប្រទេសវៀតណាម ដែលជាជម្រើសទី១ របស់វិនិយោគិនបរទេសនៃវិស័យទាំងពីរក្នុងការផ្លាស់ប្ដូរទីតាំងផលិតកម្ម»។ នេះជាការបញ្ជាក់របស់ សម្តេចតេជោ។
សម្តេចបានអបអរសាទរចំពោះមិត្តវៀតណាម ដែលបានទទួលជោគជ័យក្នុងការទាក់ទាញវិនិយោគបរទេសនាពេលកន្លងមក ដើម្បីជំរុញការអភិវឌ្ឍវិស័យអេឡិចត្រូនិករបស់ខ្លួនជាលំដាប់ ដោយបានទាក់ទាញវិនិយោគពីក្រុមហ៊ុនបរទេសធំៗ ដូចជា ក្រុមហ៊ុនសាំសុង (SAMSUNG) និងក្រុមហ៊ុនហ្វក់ខន់ (FOXCONN) ដែលផលិតផលិតផលនានាផ្គត់ផ្គង់ឱ្យក្រុមហ៊ុនអេបផល (APPLE) រួមទាំងផលិតផលនាឡិកាដៃឆ្លាតវៃដែលប្រើបច្ចេកវិទ្យា និងជំនាញខ្ពស់។
សម្តេចសង្ឃឹមថា កម្ពុជានឹងទទួលបានគម្រោងវិនិយោគគាំទ្រ ដល់ការផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្មក្នុងវិស័យទាំងពីរ ពិសេសវិស័យអេឡិចត្រូនិក សម្រាប់ប្រទេសវៀតណាម។
សម្តេចបានលើកឧទាហរណ៍អំពីក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនជប៉ុន ដែលមានមូលដ្ឋាននៅប្រទេសថៃ ដែលនៅពេលប្រទេសថៃជួបបញ្ហា ជាពិសេសក្នុងវិបត្តិកូវីដ១៩ ក្រុមហ៊ុននេះពង្រីកផលិតកម្មនៅកម្ពុជា។
«បទពិសោធន៍វិនិយោគ អាចវិនិយោគនៅវៀតណាម ហើយក៏អាចវិនិយោគនៅកម្ពុជា អាចវិនិយោគនៅថៃក៏អាចវិនិយោគនៅកម្ពុជា ឬអាចវិនិយោគនៅកម្ពុជាតែគេបង្ហួសទៅវិនិយោគនៅវៀតណាម អញ្ចឹងនៅពេលដែលមានអាសន្នអន់ក្រកើតឡើងចង្វាក់ផ្គត់ផ្គង់របស់គេ នៅតែបន្ត»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចបានទទួលស្គាល់ថា ធនធានមនុស្សរបស់កម្ពុជា នៅមានកម្រិត ដែលទាមទារឱ្យមានការបណ្តុះបណ្តាល ទើបអាចរត់ទាន់នូវស្ថានភាពមួយបូក ហើយប្រទេសកម្ពុជា-វៀតណាម ក៏ត្រូវសហការគ្នាលើការបណ្តុះបណ្តាលនេះផងដែរ។
បើតាមសម្តេចតេជោ, រដ្ឋាភិបាលកម្ពុជា-វៀតណាម បាននិងកំពុងខិតខំប្រឹងប្រែងបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបន្តរៀបចំ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ និងផ្នែករឹង ឱ្យកាន់តែមានភាពរលូន និងល្អប្រសើរជាងមុន ដើម្បីជំរុញកំណើនរំបូរពាណិជ្ជកម្ម និងវិនិយោគ រហូតឈានដល់ការចុះហត្ថលេខាបន្ថែមទៀត លើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម និងអនុស្សរណៈយោគយល់គ្នាស្តីពីការបង្កើនចំនួនកូតាប្រភេទ និងបរិមាណនៃយានយន្តពាណិជ្ជកម្ម ដែលសម្តេច និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានធ្វើជាអធិបតីកាលពីព្រឹកមិញនេះ។
សម្តេចបានបន្ថែមថា លើសពីនេះគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត ដែលនឹងចាប់ផ្តើមការសាងសង់នាពេលឆាប់ៗខាងមុខ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ទីក្រុងភ្នំពេញ ជាមួយប្រទេសវៀតណាម កាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញ ព្រមទាំងអាចជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍លើផ្លូវជាតិលេខ១ ដែលជាផ្លូវចម្បងតភ្ជាប់ពីរាជធានីភ្នំពេញទៅបាវិត៕