(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទេសចរណ៍វៀតណាម មកកាន់ប្រទេសកម្ពុជា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២នេះ គឺមានការកើនឡើង៣ដង បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។
«បើក្រឡេកមើលតួលេខទេសចរបរទេស ដែលបានមកទស្សនានៅកម្ពុជា គិតចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២២ ទេសចរវៀតណាមឈរនៅលំដាប់លេខរៀងទី២ ដែលមានចំនួនសរុបជាង ២៨ម៉ឺននាក់ កើនឡើងជាង៣ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១កន្លងទៅ»។ នេះបើតាមការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន។
សម្តេចបានលើកឡើងទៀតថា ទន្ទឹមនឹងនេះចំនួនភ្ញៀវទេសចរនៃប្រទេសទាំងពីររំពឹងថា នឹងមានកំណើនបន្ថែមទៀត តាមរយៈការពន្លឿនសកម្មភាពផ្សព្វផ្សាយ ព្រមទាំងការបង្កើនការតភ្ជាប់ក្នុងចំណោមគោលដៅ និងផលិតផលទេសចរណ៍។
សម្តេចបានបន្ថែមថា ជាមួយគ្នានេះ ដើម្បីត្រៀមខ្លួនទទួលយករំហូរទេសចរបរទេសកាន់តែច្រើន រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ ខាងមុខនេះ៕