(ភ្នំពេញ)៖ កម្លាំងនគរបាលរបស់នាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបន្តចុះទៅឃាត់ខ្លូនជនជាតិវៀតណាម៨នាក់ បន្ថែមទៀតក្នុងនោះស្រី២នាក់ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើង ដោយមានការសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ជនជាតិវៀតណាម៨នាក់ ស្រី២នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងភូមិតាង៉ៅកណ្តាល សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ បន្ទាប់ពីជនជាតិវៀតណាមទាំងនេះចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជាដោយគ្មានច្បាប់អនុញ្ញាតិ។
បច្ចប្បន្នជនជាតិវៀតណាមទាំង៨នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់នាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធី៕