(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៣៨គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងនោះមានម៉ូតូ ៣៤គ្រឿង និងរថយន្ត ០៤គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
បើតាមអ្នកនាំពាក្យ, គិតថ្ងៃទី០៨ ខែវិច្ឆិកា ក្នុងឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៣៥,៧៥១គ្រឿង ក្នុងនោះមានម៉ូតូ ១០៩,០២៨គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៦,៧២៣គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អាជីវកម្ម ល្មើសល្បឿន និងអត់ស្លាកលេខជាដើម។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៨លើក ក្នុងនោះស្លាប់ចំនួន ០៦នាក់ របួសចំនួន ១០នាក់ (របួសធ្ងន់ ចំនួន ០៧នាក់)។ រយៈពេល៣១២ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២,៥៥៤លើក បណ្ដាលឱ្យមនុស្សស្លាប់ ១,៤៨៧នាក់ របួស ៣,៥០០នាក់ (របួសធ្ងន់ ២,២១៩នាក់)៕