(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៤៖១១នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១០ (GS10-F6) មូលហេតុដោយសារមានការដ្ឋានសំណង់របស់ធនាគារមួយសង់រន្ទារលំគងលើខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់ដង្កោ ខណ្ឌដង្កោ (២)សង្កាត់ស្នោរ សង្កាត់កំបូល ខណ្ឌកំបូល (៣)សង្កាត់ត្រពាំងក្រសាំង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រុមការងារខាងការដ្ឋានកំពុងរុះរើរន្ទាចេញ ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង ១៧៖៣០នាទីល្ងាច។

អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕