(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៥ល្ងាចថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាអធិបតីបើកវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម២០២២។
វេទិកាដ៏មានសារៈសំខាន់នេះរៀបចំធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ង្វៀន ហុងស៊ាន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក ង្វៀន ជីយុង រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម។ វេទិកានេះ ក៏មានការអញ្ជើញចូលរួមដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងអ្នកធ្វើធុរកិច្ចកម្ពុជា និងវៀតណាមជាច្រើនរូបផ្សេងទៀត។
វេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២ រៀបចំឡើងដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាមនៅកម្ពុជា។
កម្ពុជា និងវៀតណាម ជាប្រទេសភូមិផង មានសកម្មភាពពាណិជ្ជកម្មយ៉ាងសកម្មជាមួយគ្នា ហើយការវៀតណាម ជាប្រទេសដែលដាក់ទុនវិនិយោគយ៉ាងច្រើននៅកម្ពុជាផងដែរ។ វៀតណាម ជាប្រទេសវិនិយោគឈរនៅលំដាប់ទី៤នៅកម្ពុជា បន្ទាប់ពីចិន កូរ៉េខាងត្បូង និងសិង្ហបុរី។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វេទិកាធុរកិច្ចកម្ពុជា-វៀតណាម នាឱកាសនេះ ពិតជាមានសារៈក្នុងការចែករំលែកវឌ្ឍនភាពសំខាន់ៗពាក់ព័ន្ធកាលានុវត្តភាព និងសក្ដានុពលធុរកិច្ច និងការវិនិយោគរវាងកម្ពុជា និងវៀតណាម។
លោក ប៉ាន សូរស័ក្តិ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងកម្ពុជា និងវៀតណាម សម្រេចបានប្រមាណ ៣,៦៦៦លានដុល្លារអាមេរិក កើនឡើងប្រមាណ ២១% បើធៀបនឹងឆ្នាំ២០២០ ដែលសម្រេចបានត្រឹមតែ ៣,០២០លានដុល្លារអាមេរិកប៉ុណ្ណោះ។ យ៉ាងណាមិញ ក្នុងឆ្នាំ២០២១ ការនាំចេញពីកម្ពុជាទៅវៀតណាមនៅមានទំហំទឹកប្រាក់សរុបត្រឹមតែ ៥០៧លានដុល្លារអាម៉េរិក បើធៀបនឹងការនាំចូលពីវៀតណាមមកកម្ពុជា មានចំនួនប្រមាណ ៣,១៥៩លានដុល្លារអាមេរិក។
បើគិតត្រឹមរយៈពេល ៧ខែ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានជាង ២,៨១៦ លានដុល្លារអាមេរិក ដែលមានកំណើនប្រមាណជាង ៣៤% បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ប្រមាណជា ២,១០៤លានដុល្លារអាមេរិក។
លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានឱ្យដឹងថា ទំនិញសំខាន់ៗរបស់កម្ពុជា នាំចេញទៅវៀតណាម មានដូចជា កៅស៊ូធម្មជាតិ សំលៀកបំពាក់ សម្ភារៈអេឡិចត្រូនិក និងគ្រឿងបន្លាស់ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ស្បែកជើង នាឡិកា ថ្នាំជក់ឆៅ ម៉ូទ័រអគ្គីសនី កាហ្វេ និងតែ ជាដើម។
លោក ប៉ាន សូរស័ក្តិ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម នឹងបង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ព្រមទាំងសម្របសម្រួលឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាឱ្យបានកាន់តែច្រើន។ ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងធ្វើការយ៉ាងជិតស្និទជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងវៀតណាម ក្នុងការកសាងក្របខណ្ឌគត្តិយុត្តិ ដើម្បីសម្រួលបរិស្ថានធុរកិច្ច ដែលក្នុងនោះដែរ ភាគីទាំងពីរបានបង្កើតឡើងនូវកិច្ចព្រមព្រៀងមួយចំនួន ដូចជា កិច្ចព្រមព្រៀងស្ដីពីកិច្ចសម្រួលពាណិជ្ជកម្ម ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម ដែលត្រូវបានចរចាបញ្ចប់រួចរាល់ និងរង់ចាំការចុះហត្ថលេខា និងកិច្ចខឹតខំប្រឹងប្រែងមួយចំនួនទៀត ដូចជាការបង្កើតផ្សារព្រំដែន ដែលមានទីតាំងនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ជាដើម។
ក្រៅពីនេះ កម្ពុជាបានបន្តជំរុញលើកកម្ពស់ និងធ្វើពិពិធកម្មការនាំចេញរបស់ខ្លួន ដោយខិតខំទាញយកប្រយោជន៍ពីកាលានុវត្តភាពដែលមាននាពេលបច្ចុប្បន្ននេះ និងចាំបាច់ត្រូវរៀបចំធានានូវភាពអំណោយផលពីទីផ្សារថ្មីៗ ព្រមទាំងត្រូវពង្រឹងភាពប្រកួតប្រជែងបន្ថែមទៀត ជាពិសេសការនាំចេញទៅបណ្តាប្រទេសក្នុងតំបន់ក្រោមក្របខណ្ឌតំបន់ពាណិជ្ជកម្មសេរីតំបន់និងទ្វេភាគី។ កម្ពុជាបានដាក់ឱ្យអនុវត្តនូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាសិប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលផ្តល់សក្តានុពលដល់ធុរជននិងវិនិយោគិន ទាំងក្នុងនិងក្រៅប្រទេស ជាពិសេសធុរជននិងវិនិយោគិនមកពីវៀតណាម។
លោករដ្ឋមន្ត្រី បានគូសរំលេចដែរថា ដើម្បីជំរុញធុរកិច្ច និងវិនិយោគ កម្ពុជា បានខិតខំធ្វើកំណែទម្រង់សំខាន់ៗសម្រាប់ជួយ សម្រួលដល់ធុរកិច្ច និងការធ្វើវិនិយោគ ដែលក្នុងនោះរួមមានការបង្កើតបទប្បញ្ញាតិជាច្រើនដូចជា ច្បាប់ស្ដីពីវិនិយោគថ្មី ច្បាប់ស្ដីពីលទ្ធកម្ម ច្បាប់ស្ដីពីការកំណត់ទីតាំងភូមិសាស្រ្ត ច្បាប់ស្ដីពីទូរគមនាគមន៍ ច្បាប់ស្ដីពីសហជីពពាណិជ្ជកម្ម ច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាដើម។ ក្រៅពីនោះដែរ ក្រសួងពាណិជ្ជកម្មក៏កំពុងរៀបចំឡើងនូវច្បាប់មួយចំនួនទៀត ដើម្បីផ្តល់កិច្ចការពារដល់ធុរកិច្ច ដូចជា ច្បាប់ស្ដីពីការសម្ងាត់ពាណិជ្ជកម្ម និងការមិនចែករំលែកពត៌មាន (Trade Secrets and Undisclosed Information) ច្បាប់ស្ដីពីកិច្ចសន្យាពាណិជ្ជកម្ម ជាដើម។ ក្រោមក្របខណ្ឌអន្តរជាតិ កម្ពុជាបានចូលជាសមាជិករបស់ សន្ធិសញ្ញាអន្តរជាតិសំខាន់ៗមួយចំនួន ដូចជា សន្ធិសញ្ញាទីក្រុងក្យូតុ (ឆ្នាំ២០១៤) ពិធីសារទីក្រុងម៉ាឌ្រីតស្ដីពីការចុះបញ្ចីម៉ាក (Madrid Protocol on the international Registration of Marks) នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ សន្ធិសញ្ញាកិច្ចសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម (Patent Cooperation Treaty) នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ កិច្ចព្រមព្រៀងទីក្រុងឡាអេ ស្ដីពីការចុះបញ្ជីគំនូឧស្សាហកម្មអន្តរជាតិ (The Hague Agreement Concerning the International registration of Industrial Designs) នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នា២០១៧ ជាដើម។
លោករដ្ឋមន្ត្រីបន្ថែមថា កម្ពុជាបានខិតខំជំរុញធុរកិច្ចនិងវិនិយោគ តាមរយៈការខឹតខំពង្រឹងផ្នែកនវានុវត្តស្ថាប័ន ដើម្បីកាត់បន្ថយថ្លៃដើមការធ្វើធុរកិច្ច ក៏ដូចជាការធានាឱ្យមានតម្លាភាពក្នុងការធ្វើអាជីវកម្មនៅកម្ពុជា តាមរយៈយន្ដការមួយចំនួន ដូចជា វេទិកាសាធារណរវាងរដ្ឋ-ឯកជន យន្ដការភាពជាដៃគូរវាងគយនិងវិស័យឯកជន និហិតដ្ឋានជាតិស្ដីពីពាណិជ្ជកម្ម និងប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធិបញ្ញា ជាដើម។ កម្ពុជាក៏បានខិតខំបង្កើតច្រកចេញចូលតែមួយ (បញ្ជរជាតិតែមួយ) និងសេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិក ការចុះបញ្ជីក្រុមហ៊ុនតាមប្រព័ន្ធអនឡាញ ការស្នើសុំវិញ្ញាបនបត្រដើមកំណើតទំនិញតាមប្រព័ន្ធអនឡាញ ការចុះបញ្ជីម៉ាកតាមប្រព័ន្ធអនឡាញ ការចុះបញ្ជី និងប្រកាសពន្ធតាមប្រព័ន្ធអនឡាញ ការចុះបញ្ជីយាន្ដយន្តតាមប្រព័ន្ធអនឡាញ ការទូទាត់តាមប្រព័ន្ធអនឡាញ ដើម្បីសម្រួលដល់ការធ្វើធុរកិច្ចនៅកម្ពុជា៕