(កូឡាឡាំពួរ)៖ ស្ថានទូតខ្មែរ ប្រចាំទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី បានប្រារព្ធខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២២ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២។
ពិធីអបអរសាទររំលឹកខួបនៃការដណ្តើមបានឯករាជ្យ ឆ្នាំ២០២២ ប្រារព្ធឡើងក្រោមវត្តមានលោក ចឺយ វិចិត្ត តំណាងស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី។
ពីធីនេះ ក៏មានការអញ្ជើញចូលរួមអបអរសាទរពីថ្នាក់ដឹកនាំជាន់ខ្ពស់ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត មកពីបណ្ដាប្រទេសជាង ១០០លើសកលលោក ព្រមទាំងអ្នកវិនិយោគទុនអន្តរជាតិចំនួន ៤៥០នាក់ ដែលជាឱកាសមួយក្នុងការបង្ហាញនូវវប្បធម៌ដ៏ផូរផង់របស់ខ្មែរទៅផ្សព្វផ្សាយលើឆាកអន្តរជាតិ ហើយក៏ជាឱកាសក្នុងការទាក់ទាញ និងជំរុញវិនិយោគទុនបរទេសឱ្យចាប់អារម្មណ៍មកលើសក្ដានុពលផ្នែកសេដ្ឋកិច្ចនៅប្រទេសកម្ពុជាតាមរយៈកម្មវិធីនេះផងដែរ។
ក្នុងពិធីនោះក្រុមមេធាវី អាស៊ី កម្ពុជា (Asia Cambodia Law Group ហៅកាត់ថា “ACLG”) និងសមាគមបញ្ញវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ (Cambodia Intellectual for Development Association ហៅកាត់ថា “CIDA”) បានសហការជាមួយស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី នាំយកសិល្បករនៃរបាំបុរាណខ្មែរចម្រុះខ្នាតធំ «រឿងការអភិសេកឡើងគ្រងរាជនៃព្រះបាទជ័យវរ្ម័នទី៧ និងម្ចាស់ក្សត្រី ឥន្ទ្រទេវី» រួមបញ្ចូលគ្នានឹងសិល្បៈគុណខ្មែរល្បុកក្កតោ និងអ្នករាំរបាំបុរាណ ហើយការសម្តែងនេះបញ្ចប់ដោយរបាំជូនពរដើម្បីថ្វាយព្រះពរដល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រីក្នុងពិធីឡើងគ្រងរាជ និងជូនពរដល់ភ្ញៀវកិត្តិយស និងអ្នកចូលរួមផងដែរ។
ការសម្តែងរបាំបុរាណខ្មែរចម្រុះអំពី រឿងការអភិសេកឡើងគ្រងរាជនេះមានថេរវេលា ៤៥នាទី។ លើសពីនេះក៏មានការសម្តែងរបាំដ៏ល្អឯកចំនួន ៣បន្ថែមទៀតរួមមាន៖ របាំក្ងោកប៉ៃលិន របាំគោះត្រឡោក របាំសុវណ្ណមច្ឆា និងរបាំហនុមានជាដើម។
លោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានលើកឡើងថា ខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា ស្របនឹងខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងម៉ាឡេស៊ី។ ទន្ទឹមនេះវាក៏ស្របពេលជាមួយកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងភ្នំពេញក្នុងសប្តាហ៍នេះផងដែរ។ កាលពី៦៩ឆ្នាំមុន ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមអាណានិគមនិយមបារំាងអស់រយៈពេលមួយទស្សវត្សរ៍ ប្រជាជនកម្ពុជាតែងតែចងចាំ និងនឹកគុណដល់សម្តេចព្រះរាជបិតាចំពោះការទាមទារបានឯករាជ្យពីបារាំង និងការបូជាជីវិតរបស់កងទ័ពចំពោះមូលហេតុទាំងនេះ។
លោកឯកអគ្គរាជទូត បានបន្តទៀតថា ដើម្បីជួយសម្រេចបាននូវការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ ស្ថានទូតកម្ពុជាទទួលបានជោគជ័យក្នុងបេសកកម្មពាណិជ្ជកម្មម៉ាឡេស៊ីចំនួនពីរមកកម្ពុជាក្នុងឆ្នាំ២០២២ ទី១ សហការជាមួយសមាគមសហគ្រាសធុនតូច និងមធ្យមម៉ាឡេស៊ី នៅក្នុងខែមេសា។ លើកទី២ សហការរៀបចំជាមួយ MRCA ធ្វើឡើងពីថ្ងៃទី៣០ ខែសីហាដល់ថ្ងៃទី៣ ខែកញ្ញា។ បេសកកម្មទាំងពីរបានទាក់ទាញអ្នកវិនិយោគទុនចំនួន ១០០នាក់ មកពីក្រុមហ៊ុនចំនួន៦៩ ដើម្បីស្វែងយល់អំពីអាជីវកម្ម និងការវិនិយោគឱកាសនៅកម្ពុជា។ ពួកគេទទួលបានជោគជ័យ និងសហគ្រិនមកពីប្រទេសទាំងពីរបានចូលរួមក្នុងការផ្គូផ្គងអាជីវកម្មក្នុងដំណើរទស្សនកិច្ចសាជីវកម្មនោះ៕