(កំពត)៖ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ក្នុងថ្ងៃទី២ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ នៅខេត្តកំពត ទទួលបានភ្ញៀវទេសចរសរុប ២២០.៩៦២នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ២១៩.៧០៥នាក់ និងភ្ញៀវអន្តរជាតិចំនួន ១.២៥៧នាក់។
លោក សយ ស៊ីណុល បានបន្តថា ពិធីបុណ្យឆ្នាំនេះបានប្រព្រឹត្តឡើងយ៉ាងគគ្រឹកគគ្រេងប្រកបដោយភាពសប្បាយរីករាយ ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរ បានមកចូលរួមទស្សនាការប្រណាំងទូកប្រពៃណី ក៏ដូចជាការដើរកម្សាន្តនៅតាមរមណីយដ្ឋាននានាដ៏ច្រើនកុះករ ចំណែកសន្តិសុខសណ្តាប់ធ្នាប់ផ្សេងៗ មិនមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
សូមបញ្ជាក់ថា ពិធីបុណ្យអុំទូកនៅខេត្តកំពត មានកម្មវិធីកម្សាន្តជាច្រើន ដូចជាការប្រណាំងទូកង ការប្រកួត និងបង្ហាញក្បាច់គុនល្បុក្កតោ សមិទ្ធផលភូមិមួយផលិតផលមួយ ស្តង់លក់ផលិតផល ការសម្ដែងសិល្បៈតន្ត្រីខ្នាតធំជាច្រើនទីតាំង ការជិះម៉ូតូហោះ សកម្មភាពបាញ់កាំជ្រួច បណ្ដែតប្រទីប បង្ហោះគោមជាដើម។
សូមរំលឹកផងដែរថា ក្នុងថ្ងៃទី១ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុកនៅខេត្តកំពត ដែលបានប្រព្រឹត្តនារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានភ្ញៀវទេសចរទៅទស្សនាខេត្តកំពតចំនួន២០៧,២៤៥នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ ២០៥,៥២២នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុងចំនួន១,៧២៣នាក់៕