(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារផ្នែកព្យាបាលជំងឺសង្រ្គោះបន្ទាន់ ១ខ្នង ស្មើនឹង ៩បន្ទប់ អគាររង់ចំអង្គុយលំហែរ ១ខ្នង ១បន្ទប់ និងក្លោងទ្វារចូលមន្ទីរពេទ្យ១កន្លែង ស្ថិតក្នុងបរិវេណមន្ទីរពេទ្យបង្អែកឯកភ្នំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជាអំណោយរបស់សប្បុរសជន នៅប្រទេសអូស្ដ្រាលី ។
លើកឡើងនាឳកាសនោះលោក សុខ លូ ក៏បានថ្លែងអំណរគុណជូនចំពោះសប្បុរសជនដែលរស់នៅប្រទេសអូស្ដ្រាលីទាំងអស់ ដែលបានចំណាយធនធានដ៏មានតម្លៃរបស់ខ្លួនចូលរួមកសាងសមិទ្ធផល នានានៅក្នុងបរិវេណមន្ទីរពេទ្យនេះ ដែលនេះជាការចូលរួមចំណែកជាមួយសង្គម ក៏ដូចជាជាមួយរាជរដ្ឋាភិបាល ក្នុងការការលើកកម្ពស់ការអភិវឌ្ឍសង្គមជាតិ ក៏ដូចជាចូលរួមបម្រើប្រជាពលរដ្ឋផ្នែកសុខាភិបាលនៅក្នុងស្រុកឯកភ្នំឱ្យកាន់តែមានការរីកចម្រើនតទៅមុខទៀត។
លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមនាំគ្នាខិតខំថែរក្សាអនាម័យបរិស្ថានឱ្យបានស្អាត មិនត្រូវធ្វើការចោលសំរាមពាសវាលពាសកាល ឬធ្វើការចោលសំរាមចាក់ចូល នៅតាមដងស្ទឹង អូរប្រឡាយគ្មានរបៀបរៀបរយនេះឡើយ ព្រោះវាបង្កឱ្យមានមេរោគនៅក្នុងទឹកបង្កហានិភ័យពេលដែលយកទឹកទៅប្រើប្រាស់ ឬបង្កឱ្យមានសត្វល្អិត រុយរោម ឬមានក្លិនស្អុយ ធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ក៏ដូចជាធ្វើឱ្យខូចសោភ័ណភាពទៀតផងដែរ ។
លោក សុខ លូ បានបន្តទៀតថា ក្នុងករណីប្រជាពលរដ្ឋរូបណាម្នាក់រកឃើញថា មានជនណាប្រើប្រាស់គ្រឿងញៀនឬជួញដូរគ្រឿងញៀន សូមធ្វើការទាក់ទង ឬរាយការណ៍មកកាន់អាជ្ញាធរជាបន្ទាន់ ដើម្បីឱ្យអាជ្ញាធរធ្វើការចាប់បញ្ជូនជននោះទៅមណ្ឌលកែប្រែ ឬធ្វើការដោះស្រាយទៅតាមនីតិវិធីនៃច្បាប់ ចំពោះជនណាដែលជួញដូរគ្រឿងញៀន និងបន្តធ្វើការណែនាំកូនចៅរបស់ខ្លួន ត្រូវចៀសផុតឲ្យឆ្ងាយពីគ្រឿងញៀន ហើយត្រូវបន្តណែនាំដល់កូនចៅរបស់ខ្លួន ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរទៅកាន់ទីកន្លែងណាមួយមិនថាទីជិតឬទីឆ្ងាយ ។
លោកបានបញ្ជាក់ផងដែរថា ចំពោះប្រជាពលរដ្ឋណាដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញចាប់ពីដូសទី៣ឡើង សូមធ្វើការនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ ចាប់ពីដូសទី៣ឡើងទៅនៅតាមមណ្ឌលចាក់វ៉ាក់សាំង ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះប្រជាពលរដ្ឋ និងត្រូវបន្តចាក់ដូសជំរុញបន្តបន្ទាប់ទៀតតាមពេលវេលាកំណត់ដែលខ្លួនត្រូវចាក់បន្ត ដើម្បីចូលរួមចំណែកក្នុងការកាត់ផ្ដាច់ជំងឺកូវីដ-១៩ កុំឱ្យកើតមាននៅក្នុងប្រទេសយើងបន្តទៀត។
គួរបញ្ជាក់ផងដែរថា អគារសង្រ្គោះបន្ទាន់ដំបូងនេះ មានបណ្ដោយប្រវែង៣១ម៉ែត្រ ទទឹង៨ម៉ែត្រ ស្មើនឹង៩បន្ទប់ ចំណាយថវិកាសរុប ៦៧,២០០ដុល្លាសហរដ្ឋអាមេរិក អគាររង់ចាំមានបណ្ដោយប្រវែង៩
ម៉ែត្រ ទទឹង៦ម៉ែត្រ ចំណាយថវិកាសាងសង់សរុប ១០,០០០ដុល្លាសហរដ្ឋអាមេរិក និងក្លោងទ្វារមន្ទីរពេទ្យចំណាយថវិកាសរុប ១៣,០០០ដុល្លាសហរដ្ឋអាមេរិក ដែលជាអំណោយរបស់សប្បុរសជនខ្មែររស់នៅប្រទេសអូស្ដ្រាលី តាមរយៈថ្នាក់ដឹកនាំមន្ទីរពេទ្យ ជាមួយភិក្ខុ កល្យាណនរោ កៅ ពៅ ៕