(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងនិងពុទ្ធបរិស័ទ ដង្ហែអង្គកឋិនទានសាមគ្គី ឆ្ពោះទៅកាន់វត្តពោធិដំណាក់ ដោយប្រមូលបច្ច័យបាន ១០១លានរៀល សម្រាប់កសាងព្រះវិហារ ស្ថិតនៅភូមិចំណាក់ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។

លើកឡើងនាឳកាសនោះ លោក សាយ គឹមឡម បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ បាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យទូទាំងប្រទេស ទាំងពុទ្ធចក្រ និងអាណាចក្រ ពិសេសជាងនេះទៀត ក្នុងអំឡុងពេលសកលលោកជួបនូវវិបត្តិជាសកលនៃជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងពុះពារស្វែងរកវ៉ាក់សាំងចាក់ ការពារជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយឥតគិតថ្លៃ បានធ្វើឲ្យស្ថានភាពនៃការឆ្លងមានការថយចុះជាលំដាប់ ហើយបានសម្រេចបើកប្រទេសពេញលេញឡើងវិញ តាមរយៈការណែនាំឲ្យប្រជាពលរដ្ឋគ្រប់ទីកន្លែង រៀនរស់តាមបែបគន្លងថ្មី ដើម្បីទប់ស្កាត់ការពារការឆ្លងរីករាលដាលទៅក្នុងសហគមន៍។

លោក សាយ គឹមឡម បានបន្តទៀតថា វត្តអារាម និងព្រះពុទ្ធសាសនាមានតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ ជាទីកន្លែងអប់រំក្នុងការលើកកម្ពស់ការយល់ដឹងអំពីតម្លៃសីលធម៌ និងឥរិយាបថក្នុងសង្គម ដើម្បីជាការចូលរួមលើកស្ទួយ វិស័យពុទ្ធចក្រ និងអាណាចក្រ។ លោកបានអះអាងទៀតថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋដែលបន្តកេរ្តិ៍ដំណែល តាំងពីបុរាណកាលមកទុកសម្រាប់កូនចៅជំនាន់ក្រោយតរៀងមកដល់ពេលបច្ចុប្បន្ន ហើយបុណ្យកឋិនគឺជាបុណ្យមួយដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមួយដែលបានកំណត់ពេលវេលាច្បាស់លាស់ ហើយរយៈពេលនៃការរៀបចំធ្វើអង្គកឋិនទាន អាចធ្វើបានតែ១ខែគត់ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ហើយវត្តនីមួយក៏ប្រារព្ធបានតែម្តងក្នុងមួយឆ្នាំ។

សូមបញ្ជាក់ដែរថា នាឳកាសនោះរដ្ឋបាលស្រុក ក៏បានរៀបចំនូវសៀវភៅ ប៊ិច ថវិកា ២.០០០រៀល សម្រាប់ផ្ដល់ឲ្យសិស្សចំនួន ៣០០នាក់ លោកគ្រូ អ្នកគ្រូ យាយជីតាជីចំនួន ៥០នាក់ថវិកា ២០.០០០រៀលផងដែរ៕