(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលបដិសណ្ឋាកិច្ចផ្លូវការលោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម នៅវិមានសន្តិភាព។ បន្ទាប់មកថ្នាក់ដឹកនាំទាំង២ បានអញ្ជើញមានជំនួបទ្វេរភាគីផងដែរ។

ក្នុងជំនួបនេះ លោក ផាម មិញជិញ បានសម្ដែងនូវការសាទរចំពោះខួបឯករាជ្យជាតិរបស់កម្ពុជាផង និងបានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែនផងដែរ ដែលបានដឹកនាំក្នុងនាមជាប្រធានអាស៊ាន បានជោគជ័យរហូតដល់ពេលនេះ។

លើសពីនោះទៀត លោក ផាម មិញជិញ ក៏បានគោរពជម្រាបជូនសម្ដេចតេជោ ពីស្ថានភាពជាទូទៅនៅប្រទេសវៀតណាម ហើយថ្នាក់ដឹកនាំកំពូលទាំងពីរ។

ទាំងសម្ដេចតេជោ ហ៊ុន សែន និងលោក ផាម មិញជិញ ក៏បានពិភាក្សាគ្នាលើទិដ្ឋភាពទាំងនយោបាយ ទាំងទិដ្ឋភាពសេដ្ឋកិច្ច ដែលក្នុងនោះថ្នាក់ដឹកនាំកំពូលទាំងពីរ បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច តាមរយៈការបន្តជំរុញការផ្លាស់ប្ដូរថ្នាក់ដឹកនាំប្រទេសទាំងពីរ ទាំងយុវជនទាំងប្រជាជនប្រទេសទាំងពីរ ធ្វើទស្សនកិច្ចរវាងគ្នាទៅវិញទៅមកជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ទាំងផ្នែកទន់ ទាំងផ្នែករឹង ជំរុញពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ តាមរយៈការពង្រឹងពាណិជ្ជកម្មតាមព្រំដែនផង និងពង្រីកឲ្យមានទីផ្សារ និងបើកច្រកតាមព្រំដែន ដើម្បីឲ្យមានទំនិញចេញចូលរវាងប្រទេសទាំងពីរផង។

លើសពីនោះទៀត នាយករដ្ឋមន្ដ្រីកម្ពុជា-វៀតណាម ក៏មានការឯកភាពគ្នា រវាងថ្នាក់ដឹកនាំទាំងពីរ ជំរុញការតភ្ជាប់រវាងប្រទេសទាំងពីរ ទាំងតាមផ្លូវគោក ទាំងតាមផ្លូវអាកាស តាមរយៈការឲ្យមានការហោះហើរត្រង់ពីខេត្តផ្សេងៗ ឬពីទីក្រុងធំៗទៅកាន់គ្នាទៅវិញទៅមក។ ក្នុងនោះក៏មានការឯកភាពគ្នា ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំង ទៅលើវិស័យឌីជីថល និងជាពិសេស លើវិស័យដទៃទៀតផងដែរ។

ជាការឆ្លើយតប ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណផងដែរ ចំពោះភាគីវៀតណាម ដែលតែងតែផ្ដល់នូវអាហារូបករណ៍ជូនដល់កម្ពុជា។ សម្ដេចតេជោ ក៏បានសម្ដែងនៅការអបអរសាទរជូនចំពោះវៀតណាម ដែលទទួលបានកំណើនសេដ្ឋកិច្ចយ៉ាងល្អ និងទប់ស្កាត់ជំងឺកូវីដបានយ៉ាងល្អ៕