(ភ្នំពេញ)៖ អ្នកនាំពាក្យអាកាសចរស៊ីវិល បានគូសបញ្ជាក់ពីការងារផ្លូវអាកាស ដែលក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជារៀបចំស្ទើ១០០%ហើយ ក្នុងការទទួលថ្នាក់នាំ និងគណៈប្រតិភូ ជុំវិញពិភពលោក អំឡុងពេលចូលរួមប្រជុំកំពូលអាស៊ានរយៈពេល៤ថ្ងៃ។
លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល បានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺជាកិច្ចប្រជុំដ៏សំខាន់ កម្ពុជាត្រូវតែរៀបចំឱ្យបានល្អ ដើម្បីទទួលគណៈប្រតិភូជុំវិញពិភពលោក ដោយសារតែក្នុងកិច្ចប្រជុំនេះមានការចូលរួមពី ប្រធានាធិបតីសហរដ្ឋអាមេរិក នាយករដ្ឋមន្រ្តីចិន និងបណ្តាប្រទេសផ្សេងទៀត។
លោកមានប្រសាសន៍ថា ការរៀបចំដើម្បីទទួលគណៈប្រតិភូ ត្រូវបានរៀបចំឡើងតាំងពីខែតុលាដែលមកទល់ពេលនេះ សម្រេចផែនការស្ទើរតែ ១០០%ហើយ ដែលនៅសល់បន្ទាប់បន្សំបន្តិចបន្តួចទៀត តម្រូវឱ្យក្រុមការងារមានការរៀបចំបន្ថែម នៅក្នុងករណីយន្តហោះរបស់គណៈប្រតិភូពីបណ្តាប្រទេសមហាអំណាច មានការផ្លាស់ប្តូរជាយថាហេតុ ។
តែយ៉ាងណាលោកបានលើកឡើងថា ក្នុងអំឡុងពេលនៃការរៀបចំទទួលគណៈប្រតិភូមកពីបណ្តាប្រទេសនានានេះអាចនឹងបណ្តាលឱ្យក្រុមហ៊ុនហោះហើរទាំងអស់ ទទួលរងផលប៉ះពាល់ខ្លះៗទៅដល់ការធ្វើពាណិជ្ជកម្មរបស់ខ្លួន ដោយសារតែក្នុងអំឡុងពេលនេះ ផ្លូវហោះហើរ និងចំណតយន្តហោះមួយចំនួនត្រូវបំរុងទុកសម្រាប់រៀបចំ ទទួលយន្តហោះគណៈប្រតិភូ។
ក្រុមការងារក៏បានស្នើឱ្យក្រុមហ៊ុន ដែលមានយន្តហោះចតប្រចាំថ្ងៃ យកទៅថតនៅព្រលានយន្តហោះខេត្តព្រះសីហនុ និងខេត្តសៀមរាប និងធ្វើការផ្លាស់ប្តូរកម្មវិធីហោះហើរ ប្រសិនបើជាន់ម៉ោងជាមួយការហោះហើរជាមួយគណៈប្រតិភូ។
លោកបន្ថែមថា ៖«យើងសូមអរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានសហការក្នុងការរៀបចំពេលវេលា ក្នុងការមកដល់ និងការចាកចេញដំណើរ របស់ប្រទេសអាស៊ាន និងដៃគូរបស់អាស៊ាន។»
សូមជម្រាបថា អាកាសយន្តដ្ឋានអន្តរជាតិ ភ្នំពេញ អាចចតយន្តហោះបានប្រមាណ៣០គ្រឿង និងសម្រាប់ចំណតយន្តហោះធំៗ ប្រភេទកូត E អាចចតបាន ៨គ្រឿង ដែលជាចំណតសម្រាប់ទទួលគណៈប្រតិភូ។ តែក្រុមកាងារបានខិតខំ បំពេញ បានទៅតាមសំណើ និងពិធីការផ្លូវការរបស់រាជរដ្ឋាភិបាល ដោយបានពិនិត្យ និងលៃលកតាមលទ្ធភាព
កែរតម្រូវចំណតយន្តហោះស្របតាមលក្ខខណ្ឌបច្ចេកទេស ដោយធានាបាននូវសុវត្ថិភាព និងសន្តិសុខ ក្នុងការទទួលបាននូវការ ចុះចត, ការចតចាំ និងការចេញដំណើររបស់យន្តហោះរបស់គណៈ ប្រតិភូជាន់ខ្ពស់ ក្នុងនោះ មានការហោះហើរជាជើងយន្ត ហោះពិសេសចំនួន១៥ និងតាមជើង យន្តហោះពាណិជ្ជកម្មចំនួន៧ ។
កិច្ចប្រជុំកំពូលអាស៊ាន មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ដែលនឹងពិភាក្សាលើបញ្ហាធំៗមួយចំនួន៕