(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ចំពោះដំណើរបំពេញទស្សនកិច្ចរបស់លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។

ពិធីបដិសណ្ឋារកិច្ចផ្លូវ និងត្រួតពលត្រូវបានឡើងនៅវិមានសន្តិភាព។ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច និងត្រួតពលរួចទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញជួបពិភាក្សាការងារ។ កិច្ចពិភាក្សាធ្វើឡើងពីកម្រិត គឺកម្រិតចង្អៀត ដែលជាកិច្ចប្រជុំមានតែនាយករដ្ឋមន្ត្រី និងអ្នកបកប្រែ។ បន្ទាប់មកកិច្ចប្រជុំទ្វេភាគី កម្រិតទូលាយ ដែលមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធ។

ក្រោយពេលបញ្ចប់កិច្ចពិភាក្សាការងារហើយនោះ សម្តេចតេជោ និងលោក ផាម មិញជិញ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើពិធីសារមួយចំនួន។

បន្ទាប់ពីពិធីចុះហត្ថលេខា សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបចំពិធីជប់លៀងជូនលោកនាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូ។ នៅល្ងាចថ្ងៃដដែលនេះ សម្តេចតេជោ និងលោកនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា។

សូមបញ្ជាក់ថា លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

ដំណើរទស្សនកិច្ចរបស់លោក ផាម មិញជិញ នៅកម្ពុជានាពេលនេះ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

បន្ទាប់ពីអញ្ជើញដល់កម្ពុជា លោក ផាម មិញជិញ និងគណៈប្រតិភូ បានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអ្នកពលីកម្មក្នុងបុព្វហេតុដណ្តើមឯករាជ្យ នៅវិមានឯករាជ្យ, អញ្ជើញដាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប និងអញ្ជើញទៅដាក់កម្រងផ្កានៅវិមានមិត្តភាពកម្ពុជា-វៀតណាម។

នៅពេលរសៀលលោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ នឹងអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ បន្ទាប់មកអញ្ជើញក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានអនុញ្ញាឱ្យលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចូលជួបសម្តែងការគួរសម។ លោកនាយករដ្ឋមន្ត្រី ក៏អញ្ជើញទស្សនកិច្ចនៅមន្ទីរពេទ្យជោរីភ្នំពេញ និងក្រុមហ៊ុន Metfone ផងដែរ។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម ស្របនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម»។ នេះជាដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងហើយ សម្រាប់លោក ផាម មិញជិញ បន្ទាប់ពីរូបលោកត្រូវបានសភាជាតិវៀតណាម បោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីវៀតណាម កាលពីខែមេសា ឆ្នាំ២០២១។ ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា ត្រូវបានគេមើលឃើញថា ជាការរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដែលជាប្រទេសភូមិផងរបងជាប់គ្នានេះឱ្យកាន់តែប្រសើរថែមទៀត។

សូមបញ្ជាក់ថា កម្ពុជា និងវៀតណាម ប្រទេសដែលមានព្រំដែនគោកជាមួយគ្នាប្រមាណ ១,២៧០គីឡូម៉ែត្រ បានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ទំនាក់ទំនងនេះ ត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៧០ ហើយភ្ជាប់ឡើងវិញនៅឆ្នាំ១៩៧៩។

នៅឆ្នាំ២០០៥ កម្ពុជា និងវៀតណាម បានដំឡើងកម្រិតទំនាក់ទំនងទៅជា «ទំនាក់ទំនងមិត្តភាពជិតខាងល្អជាប្រពៃណី និងប្រកបដោយសហប្រតិបត្តិការរឹងមាំ យូរអង្វេង និងគ្រប់វិស័យ»

ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានលើកកម្ពស់ ជាបន្តបន្ទាប់ ហើយតែងតែបានគាំទ្រគ្នាទៅវិញទៅមកទាំងកម្រិតតំបន់ និងលើពិភពលោក។ ក្រោមទំនាក់ទំនងដ៏ល្អប្រសើរនេះ កម្ពុជា និងវៀតណាម តែងជួយគាំទ្រគ្នា និងផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍគ្នាទៅវិញទៅមកជាច្រើនផងដែរ។

ក្នុងនោះពេលវៀតណាម ជួបការរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩ នៅឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយជាថវិកា និងបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ។ នៅខែកក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ និងបរិក្ខារពេទ្យមួយចំនួនធំ ហើយកាកបាទក្រហមផ្តល់ជំនួថវិកា ១០ម៉ឺនដុល្លារ និងសមាគមមិត្តភាពកម្ពុជា-វៀតណាម ផ្តល់ ៥ម៉ឺនដុល្លារ។

នៅខែតុលា ឆ្នាំ២០២១ រាជរដ្ឋាភិបាល ផ្តល់វ៉ាក់សាំងស៊ីណូហ្វាមចំនួន ២០ម៉ឺនដូស ជូនដល់រដ្ឋាភិបាលវៀតណាមផងដែរ។

កម្ពុជា និងវៀតណាម ក៏ជាប្រទេសដៃគូពាណិជ្ជកម្មដ៏ធំផងដែរ។ របាយការណ៍ បានបង្ហាញថា ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសមានជិត ៤ពាន់លានដុល្លារ ហើយរយៈពេល ៨ខែឆ្នាំ២០២២ មានជាង ៣ពាន់លានដុល្លារអាមេរិក។

ដោយឡែកការវិនិយោគរបស់វៀតណាមនៅកម្ពុជាវិញ គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែកញ្ញា ឆ្នាំ២០២១ វៀតណាម មានគម្រោងវិនិយោគនៅកម្ពុជាចំនួន ៨៨គម្រោង ជាមួយទុនចុះបញ្ជីប្រមាណ ២,៥៦ប៊ីលានដុល្លារ។ ឆ្នាំ២០២១ វិនិយោគវៀតណាមនៅកម្ពុជា មានជាង ៨៩លានដុល្លារ។

គិតត្រឹមចុងឆ្នាំ២០២១ វិនិយោគវៀតណាម នៅកម្ពុជាឈរនៅលេខរៀងទី៤ ក្នុងចំណោមប្រទេសវិនិយោគធំៗ បន្ទាប់ពីចិន កូរ៉េខាងត្បូង និងសិង្ហបុរី៕