(ពោធិ៍សាត់)៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំមហោស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារខ្មែរថ្នាក់ខេត្ត លើកទី៣ និងការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរ និងជនជាតិដើម នៅលើបុរីវប្បធម៌កោះសំពៅមាស ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២២។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ត និងលោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងមានការចូលរួមពី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំងបី, អង្គការជាតិ-អន្តរជាតិ, អភិបាលក្រុងស្រុកទាំង៧, គណៈមេប្រយោគដាក់ពិន្ទុទាំង៦, មន្ត្រីរាជការ, សិល្បករ, សិល្បការនី, បេក្ខជន បេក្ខនារី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បើតាមលោក ឡាច ផេងលី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការរៀបចំឱ្យមានមហោស្រពខាងលើនេះឡើង គឺដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងចូលរួមក្នុងការជម្រុញផ្សព្វផ្សាយដល់សាធារណៈជន ជាពិសេសយុវជន បានឈ្វេងយល់ បង្កើនការស្រឡាញ់ និងបំផុសស្មារតីចូលរួមថែរក្សា ការពារវប្បធម៌ និងប្រពៃណីជាតិ ដែលជាកេរ្តិ៍តំណែលពីដូនតាឱ្យបានស្ថិតស្ថេរ គង់វង្ស ព្រមទាំងបង្ហាញដល់ភ្ញៀវទេសចរបានទស្សនានូវព្រឹត្តិការណ៍វប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌ក្នុងការអភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ។

លោក ឡាច ផេងលី បានបន្តថា កន្លងមកមន្ទីរបានចូលរួមរៀបចំមហោស្រពជាច្រើនមានដូចជា៖ «មហោស្រពចង្វើខ្លែងខ្មែរ, មហោស្រពសិល្បៈយុវជន, មហោស្រពចាប៉ីដងវែង និងមហោស្រពសិល្បៈដណ្តាំស្លម្ហូបអាហារខ្មែរ ទាំងថ្នាក់ខេត្តក៏ដូចជាថ្នាក់ជាតិ»។ ចំពោះមហោស្រពសិល្បៈដណ្តាំស្លម្ហូបអាហារខ្មែរ មន្ទីរបានដឹកនាំបេក្ខជន បេក្ខនារីចូលរួម បានជាច្រើនលើកច្រើនសារ និងទទួល បានលទ្ធផលគួរជាទីមោទនៈ ជាក់ស្តែង៖ កាលពីឆ្នាំ២០១៥ ទទួលបានពានប្រាក់១ផ្នែកមុខម្ហូបប្រចាំតំបន់ឈ្មោះ «ទឹកគ្រឿងអន្លក់ខ្ចីផ្ទៃទន្លេ», កាលពីឆ្នាំ២០១៦ ទទួលបានជ័យលាភីលេខ១ ក្នុងក្របខណ្ឌទូទាំងប្រទេស លើវិញ្ញាសារ «សម្លម្ជូរគ្រឿងខ្មែរ», កាលពីឆ្នាំ២០១៧ ទទួលបានជ័យលាភីលេខ១ លើវិញ្ញាសារ «បង្អែមចេកខ្ទឹ», កាលពីឆ្នាំ២០១៨ ទទួលបានជ័យលាភីលេខ១ លើវិញ្ញាសារ «សម្លម្ជូរដើមចេក», ក្នុងឆ្នាំ២០២០មន្ទីរបានរៀបចំមហោស្រពសិល្បៈដំណាំស្ល ថ្នាក់ខេត្ត លើកទី១ លើវិញ្ញាសារ «ហហ្មុក ម្ហូបពិសេសប្រចាំតំបន់ និងបង្អែមនំផ្លែអាយ», ក្នុងឆ្នាំ២០២១ មន្ទីរបានរៀបចំមហោស្រពសិល្បៈម្ហូបអាហារខ្មែរ ថ្នាក់ខេត្ត លើកទី២ លើវិញ្ញាសារ «សម្លកកូរផ្លែត្នោត និងបង្អែម/នំ ធ្វើអំពីផ្លែត្នោត»

ដោយឡែកក្នុងឆ្នាំ២០២២នេះ ដោយទទួលបានការអនុញ្ញាតពីលោកអភិបាលខេត្ត និងដើម្បីចូលរួមអបអរសាទរ ពិធីបណ្តែតប្រទីប អកអំបុក សំពះព្រះខែថ្នាក់ខេត្ត មន្ទីរបានរៀបចំមហោស្រពសិល្បៈម្ហូបអាហារខ្មែរ ថ្នាក់ខេត្តលើកទី៣ លើវិញ្ញាសារ «នំបញ្ចុកសម្លរប្រហើរខ្មែរ និងបង្អែម/នំខ្មែរ»។

លោកប្រធានមន្ទីរបានបន្ថែមថា ដើម្បីរក្សាបាននូវសុក្រឹត្យភាព យុត្តិធម៌ និងតម្លាភាព មន្ទីរបានអញ្ជើញគណៈមេប្រយោគដាក់ពិន្ទចំនួន៦រូប មកចូលរួមភ្លក់យ៉ាងយកចិត្តទុកដាក់ ព្រមទាំងបានដាក់ពិន្ទុ ផ្នែកនំបញ្ចុកសម្លរប្រហើរខ្មែរ ជ័យលាភីលេខ១ ស្រុកវាលវែង «នំបញ្ចុកសម្លរប្រហើរខ្មែរស្នេហាជាតិ», ជ័យលាភីលេខ២ ស្រុកកណ្តៀង «នំបញ្ចុកសម្លរប្រហើរខ្មែរបន្លែធម្មជាតិ» និងជ័យលាភីលេខ៣ ស្រុកបាកាន «នំបញ្ចុកសម្លរប្រហើរខ្មែរ រស់ជាតិឈ្ងុយឆ្ងាញ់ដក់ជាប់ដួងចិត្ត»។ សម្រាប់ផ្នែកបង្អែម/នំខ្មែរ ជ័យលាភីលេខ១ ក្រុងពោធិ៍សាត់ «នំអន្សមចេកចំហុយស្នាដៃកូនខ្មែរ», ជ័យលាភីលេខ២ ក្រុងពោធិ៍សាត់ «បង្អែមបាយត្រៀបកេរ្តិ៍ម៉ែ» និងជ័យលាភីលេខ៣ ស្រុកកណ្តៀង «នំអន្សមចាំងក្បុង និងអន្សមខ្នុរចំហុយរស់ជាតិជាប់ចិត្ត» ដើម្បីមានឱកាសជ្រើសរើសយកបេក្ខជន បេក្ខនារីឆ្នើម ទៅដណ្តើមយកជ័យលាភី នៅថ្នាក់ជាតិឱ្យខាងតែបាន។

ក្នុងឱកាសបើកមហោស្រពនេះលោក ចេង ឡៃ ក៏បានកោតសរសើរ ចំពោះស្មារតីខិតខំប្រឹងប្រែង លើការងារជំនាញរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលបានលើកឡើងប្រកបដោយអត្ថន័យខ្លឹមសារដ៏មានសារៈសំខាន់ និងបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរទាំងអស់ចាប់អារម្មណ៍បន្ថែមលើការងារអភិរក្សមរតកបេតិកភណ្ឌរបស់យើង និយាយជារួម នឹងនិយាយ​ដោយឡែក សម្រាប់ទឹកដីនៃខេត្តពោធិ៍សាត់ ដូចជាអគារបូរាណចាស់ៗ, រូបថតថ្នាក់ដឹកនាំ ។

លោក ចេង ឡៃ បានបន្ថែមថា​ ចំពោះការស្រាវជ្រាវទាក់ទងនឹងប្រវត្តិទីតាំងនីមួយៗ ត្រូវចុះសិក្សាចងក្រង និងផ្សព្វផ្សាយច្បាប់ស្ដីពីកិច្ចការពារបេតិកភណ្ឌច្បាប់ចម្លាក់ និងច្បាប់ភាពយន្តឱ្យបានទូលំទូលាយដល់មហាជន និងពង្រឹងការងារសិល្បៈក្នុងខេត្តឱ្យបានរឹងមាំ។ ជាពិសេសត្រូវចាប់អារម្មណ៍ទៅលើទំនៀមទម្លាប់​ប្រពៃណីដែលមានហើយ រួមទាំងប្រពៃណីរបស់ជនជាតិដើមភាគតិច ត្រូវបំផុសឱ្យមានការថែរក្សានិងអភិរក្ស។ សំខាន់ជាងនេះទៅទៀតសូមឱ្យមន្រ្ដីវប្បធម៌ទាំងអស់ចាប់អារម្មណ៍ដល់មរតកមនុស្សរស់ និងផ្ទេរចំណេះជំនាញដល់អ្នកជំនាន់​ក្រោយផងដែរ៕