(ភ្នំពេញ)៖ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

ដំណើរទស្សនកិច្ចរបស់លោក ផាម មិញជិញ នៅកម្ពុជានាពេលនេះ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក ផាម មិញជិញ នឹងចូលក្រាបបង្គំគាល់
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។

នាយករដ្ឋមន្ត្រីវ័យ៦៤ឆ្នាំរូបនេះ ក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ផាម មិញជិញ នឹងមានជំនួបពិភាក្សាទ្វេភាគីនៅវិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាកង្វល់រួម។ នៅក្រោយជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។

ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោក ផាម មិញជិញ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ, មណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងវិមានមិត្តភាពកម្ពុជា-វៀតណាម។

ក្រសួងការបរទេសកម្ពុជា បានកត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម ស្របនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម»។

នេះជាដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងហើយ សម្រាប់លោក ផាម មិញជិញ បន្ទាប់ពីរូបលោកត្រូវបានសភាជាតិវៀតណាម បោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីវៀតណាម កាលពីខែមេសា ឆ្នាំ២០២១។ ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា ត្រូវបានគេមើលឃើញថា ជាការរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដែលជាប្រទេសភូមិផងរបងជាប់គ្នានេះឱ្យកាន់តែប្រសើរថែមទៀត។

សូមបញ្ជាក់ថា កម្ពុជា និងវៀតណាម ប្រទេសដែលមានព្រំដែនគោកជាមួយគ្នាប្រមាណ ១,២៧០គីឡូម៉ែត្រ បានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ទំនាក់ទំនងនេះ ត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៧០ ហើយភ្ជាប់ឡើងវិញនៅឆ្នាំ១៩៧៩។

នៅឆ្នាំ២០០៥ កម្ពុជា និងវៀតណាម បានដំឡើងកម្រិតទំនាក់ទំនងទៅជា «ទំនាក់ទំនងមិត្តភាពជិតខាងល្អជាប្រពៃណី និងប្រកបដោយសហប្រតិបត្តិការរឹងមាំ យូរអង្វេង និងគ្រប់វិស័យ»។

ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានលើកកម្ពស់ ជាបន្តបន្ទាប់ ហើយតែងតែបានគាំទ្រគ្នាទៅវិញទៅមកទាំងកម្រិតតំបន់ និងលើពិភពលោក។ ក្រោមទំនាក់ទំនងដ៏ល្អប្រសើរនេះ កម្ពុជា និងវៀតណាម តែងជួយគាំទ្រគ្នា និងផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍគ្នាទៅវិញទៅមកជាច្រើនផងដែរ។

ក្នុងនោះពេលវៀតណាម ជួបការរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩ នៅឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយជាថវិកា និងបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ។ នៅខែកក្កដា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ និងបរិក្ខារពេទ្យមួយចំនួនធំ ហើយកាកបាទក្រហមផ្តល់ជំនួថវិកា ១០ម៉ឺនដុល្លារ និងសមាគមមិត្តភាពកម្ពុជា-វៀតណាម ផ្តល់ ៥ម៉ឺនដុល្លារ។

នៅខែតុលា ឆ្នាំ២០២១ រាជរដ្ឋាភិបាល ផ្តល់វ៉ាក់សាំងស៊ីណូហ្វាមចំនួន ២០ម៉ឺនដូស ជូនដល់រដ្ឋាភិបាលវៀតណាមផងដែរ។

កម្ពុជា និងវៀតណាម ក៏ជាប្រទេសដៃគូពាណិជ្ជកម្មដ៏ធំផងដែរ។ របាយការណ៍ បានបង្ហាញថា ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសមានជិត ៤ពាន់លានដុល្លារ ហើយរយៈពេល ៨ខែឆ្នាំ២០២២ មានជាង ៣ពាន់លានដុល្លារអាមេរិក។

ដោយឡែកការវិនិយោគរបស់វៀតណាមនៅកម្ពុជាវិញ គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែកញ្ញា ឆ្នាំ២០២១ វៀតណាម មានគម្រោងវិនិយោគនៅកម្ពុជាចំនួន ៨៨គម្រោង ជាមួយទុនចុះបញ្ជីប្រមាណ ២,៥៦ប៊ីលានដុល្លារ។ ឆ្នាំ២០២១ វិនិយោគវៀតណាមនៅកម្ពុជា មានជាង ៨៩លានដុល្លារ។

គិតត្រឹមចុងឆ្នាំ២០២១ វិនិយោគវៀតណាម នៅកម្ពុជាឈរនៅលេខរៀងទី៤ ក្នុងចំណោមប្រទេសវិនិយោគធំៗ បន្ទាប់ពីចិន កូរ៉េខាងត្បូង និងសិង្ហបុរី៕