(កំពង់ធំ)៖ រដ្ឋបាលស្រុកស្ទោង បានរៀបចំពិធីអុំទូកផ្កាចា នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅស្ទឹងនាងសល្ងាច ភូមិត្រាច ឃុំ ប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានបញ្ជាក់ថា ការរៀបចំពិធីអុំទូក គឺជាការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូផង់របស់ជាតិ ហើយកម្មវិធីដ៏ឧឡារឹកនាថ្ងៃនេះ ផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋ បានកំសាន្តសប្បាយ ស្របពេលដែលប្រទេសកម្ពុជាកំពុង មានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែទទួលបានការទុកចិត្តនិងគាំទ្រយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋ។

លោកបានបន្តថា ពិធីអុំទូកថ្ងៃនេះមិនមែនជាការចង់ឈ្នះ ចង់ចាញ់ យករង្វាន់អ្វីនោះទេ តែជាការចូលរួមថែរក្សា វប្បធម៌ប្រពៃណីជាតិដ៏ល្អរបស់យើងឲ្យគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តតរៀងទៅ ដូចដែលយើងទាំងអស់គ្នាបានដឹងមកហើយ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប ជាប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យ បុរាណយូរលង់ណាស់មកហើយ។

លោកបានបន្ថែមទៀតថា នេះជាលើកទីមួយហើយដែលរដ្ឋបាលស្រុកស្ទោងបានរៀបចំពិធីអុំទូក ឱ្យចំថ្ងៃដែលប្រទេសកម្ពុជាបានប្រារព្ធពិធីអុំទូក អកអំបុកនិងសំពះព្រះខែ។

ចុងក្រោយលោក សាយ គឹមឡម បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដីឡូតិ៍ kp ម៉ន ដានី ដែលបានជួយគាំទ្រក្នុងពិធីអុំទូកនេះ និងធ្លាប់បានជួយកម្មវិធីផ្សេងៗទៀតដូចជាការចែកអំណោយទៅដល់បងប្អូនប្រជាពលរដ្ឋខ្វះខាត និងរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងកាលពីកន្លងទៅ។

គួរបញ្ជាក់ផងដែរថា ពិធីអុំទូកនេះមានរយៈពេល ២ថ្ងៃថ្ងៃទី ៧ថ្ងៃទី ៨ ចំពោះទូកដែលបានចូលរួមប្រកួតមានចំនួន ២៦ ទូក ស្មើ ១៣ គូ និងកីឡាករកីឡាការិនីចំនួន ៤៨២ នាក់ ក្នុងនោះដែរក៏មានការប្រគុំតន្ត្រី និងការរាំកម្សាន្តនៅពេលរាត្រីផងដែរ៕