(ភ្នំពេញ)៖ លោក ត្រាន់ ដាយ ខ្វាង (Tran Dai Quang) ប្រធានាធបិតីថ្មីរបស់វៀតណាម បានមកដល់ប្រទេសកម្ពុជា នៅម៉ោងជាង ៤៖០០រសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ បន្ទាប់ពីលោកបានឡើងកាន់តំណែង។
អំឡុងទស្សនកិច្ចពីថ្ងៃទី១៤ដល់១៦ ខែមិថុនានេះ លោក ត្រាន់ ដាយខ្វាង នឹងចូលបង្គំគាល់ព្រះមហាក្សត្រខ្មែរ, ជួបជាមួយសម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជួបសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ ក្រៅពីនោះ លោកនឹងចូលថ្វាយបង្គំ សម្តេចសង្ឃរាជ ទេព វង្ស និងសម្តេចសង្ឃរាជ បួរ គ្រី ថែមទៀត។
លោក Tran Dai Quang ត្រូវបានបោះឆ្នោតជ្រើសតាំង ជាប្រធានាធិបតីបន្តពីលោក ត្រឿង តាន់សាង កាលពីដើមខែមេសា ឆ្នាំ២០១៦។ មុនពេលជាប់ឆ្នោតនេះ លោក Quang ធ្លាប់ជារដ្ឋមន្ត្រីសន្តិសុខសាធារណៈ របស់ប្រទេសវៀតណាម ដែលបានកាន់តំណែងតាំងពីឆ្នាំ ២០១១៕