(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក រ៉ូហ្វី អូស្មាន នៅល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជូន ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន១៩០គ្រួសារ ស្ថិតនៅភូមិរកាលើ ឃុំសំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ពិធីខាងលើ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតី ពីសំណាក់ សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តកំពង់ចាម និងអជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុន ចិន្ដា បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានបើកទូលាយលើគោលនយោបាយសេរីភាព សុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនា។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសឲ្យមានតំណាងសហគមន៍ឥស្លាម ចូលរួមបម្រើការងារជាមួយរដ្ឋាភិបាល មានចាប់ពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមឲ្យបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនបន្តទៀត ដើម្បីបន្តទទួលបាននូវសុខដុមនីយកម្ម ស្ថេរភាពនយោបាយ សេរីភាព សន្ដិភាព និងការអភិវឌ្ឍ។

ជាមួយគ្នានេះ លោក រ៉ូហ្វី អូស្មាន បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយ ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់ជំនួយដល់ប្រជាជនកម្ពុជា។ លោកក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានបើកទូលាយឲ្យពលរដ្ឋកម្ពុជាទទួលជំនួយមនុស្សធម៌ ពីប្រទេសផ្សេងៗ ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋកម្ពុជា។

លោក រ៉ូហ្វី អូស្មាន ក៏បាន​ធ្វើការ​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​សម្រាប់​បោះឆ្នោត សូម​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា​។ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​កការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានរយៈពេល៥០ថ្ងៃ គឺចាប់ផ្តើម​ពីថ្ងៃ​ទី​២០ ខែតុលា ដល់​ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ​២០២២ នៅតាម​សាលាឃុំ សង្កាត់ ឬ​នៅតាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​។

លោក រ៉ូហ្វី អូស្មាន បានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នា ក្នុងនាមជាពលរដ្ឋកម្ពុជា ជាអ្នកកំណត់ជោគវាសនាប្រទេសទេសជាតិ ដូច្នេះ សូមចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

សូមជម្រាបថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋចំនួន ១៩០គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មី ១០កញ្ចប់ ប្រេងឆា ២លីត្រ ទឹកដោះគោ ២កំប៉ុង ស្ករស ២គីឡូក្រាម ទឹកត្រី ២ដប និងអំបិល ១គីឡូក្រាម៕