(ភ្នំពេញ)៖ ស្របពេលដែលប្រទេសកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ពន្ធ័មួយចំនួនទៀត ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ កងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវបានដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗ ជាពិសេសគោលដៅនៅក្នុងខណ្ឌដូនពេញ ដែលគណៈប្រតិភូស្នាក់នៅ ដើម្បីចូលរួមកិច្ចប្រជុំ។

ជាក់ស្តែងនៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក​ ជា​ ខេមា​ អភិបាល​ខណ្ឌដូនពេញ​ រួមទាំងអភិបាលរងខណ្ឌ និងមន្ត្រីក្រោមឱវាទ អញ្ជេីញចុះសួរសុខទុក្ខកងកម្លាំងប្រចាំការនៅតាមគោលដៅចំនួន​ ០៨គោលដៅ ដែលកំពុងឈរជេីងប្រចាំការនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ។ ក្នុងដំណេីរសួរសុខទុក្ខលោកអភិបាលខណ្ឌ​ បានឧបត្ថម្ភទឹកបរិសុទ្ធចំនួន​ ១០០យួរដល់កងកម្លាំងដើម្បីជាការលើកទឹកចិត្តផងដែរ។

លោក ជា ខេមា ក៏បានក្រើនរំឮកបន្ថែមដល់កងកម្លាំងទាំងអស់ បង្កើនស្មារតីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អបំផុត ដោយសហការជាមួយកម្លាំងថ្នាក់ជាតិគ្រប់ជំនាញ។

នាឱកាសនោះដែរ លោកអភិបាលអភិបាលខណ្ឌ បានលើកឡើងថា​ ការឧបត្ថម្ភនេះមិនបានគ្រប់គ្រាន់ទាំងស្រុងទេ​ ប៉ុន្តែ តែជាការជួយចែករំលែកបានខ្លះតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនឆ្នាំ២០២២នេះ នឹងចាប់ដំណើរការពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន២៨ ប្រទេស រួមទាំងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀតចូលរួមព្រមទាំងដៃគូសន្ទនាជាច្រើនទៀត៕