(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា, លោកស្រី ម៉ាណ ណាវី សមាជិការដ្ឋសភា និងលោក ម៉ូត យូសុះ តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៍ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់កន្លងមកស្ថិតនៅឃុំកំពង់ទ្រាស និងឃុំបុឹ១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួន៤០០គ្រួសារដែលជាជំនួយរបស់អង្គការ Hasane តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងខេត្តត្បូងឃ្មុំ អភិបាលរងខេត្តក្រចេះ អជ្ញាធរមូលដ្ឋាន និងយុវជន ស.យ.ម.ក ជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក រ៉ហ្វី អូស្មាន បាននាំសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសំណាក លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជូនដល់បងប្អូនប្រជាពលរដ្ឋជាទីនឹករលឹកផងដែរ។

លោកបានបន្តថា យើងទាំងអស់គ្នាទទួលបានសិទ្ធិពេញលេញក្នុងការរស់នៅ ប្រកបដោយសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ ដោយសារការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចតេជោ ក៏ជាអ្នកដែលបានរំដោះប្រជាពលរដ្ឋឲ្យរួចផុតពីសង្គ្រាមរាំរ៉ៃកន្លងមក ហេីយថ្ងៃ៧ មករា ជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបានរួចផុតពីការកាប់សម្លាប់យ៉ាងរង្គាលពីសង្គ្រាមប្រល័យពូជសាសន៍ដែលបងប្អូនប្រជាពលរដ្ឋគ្រប់រូបមានការឈឺចាប់បំផុតដែលបានព្រាត់ប្រាស់ឪពុកម្ដាយបងប្អូនកូនក្មួយជាទីស្រឡាញ់របស់ខ្លួន។ ដូច្នេះហើយថ្ងៃ ៧មករា គឺជាថ្ងៃដែលប្រជាពលរដ្ឋគ្រប់ៗរូបត្រូវចងចាំជានិច្ច ដែលមិនអាចបំផ្លិចបានឡើយ។

លោក បានបន្តទៀតថា ដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ បានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើនលើវិស័យ ដូចជា វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់សាលារៀន មន្ទីរពេទ្យ និងវិស័យផ្សេងៗជាច្រើនទៀត។

ជាពិសេសទៀតនោះ សម្ដេចតេជោ លោកបានប្រឹងប្រែងជាទីបំផុត ដើម្បីធ្វើឲ្យប្រទេសកម្ពុជារួចផុតពីជំងឺកូវីដ-១៩ ដែលរីករាលដាលទូទាំងសាកលលោក ដោយសម្ដេចបាន ស្វះស្វែងរកមធ្យោបាយដើម្បីទទួលបានវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ កត្តាទាំងនេះហើយ ទើបធ្វើឲ្យប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងពិភពលោក ក្នុងការទប់ស្កាត់ជំងឺកូវីត១៩។

ជាចុងក្រោយ លោកបានក្រើនរំលឹកដល់ ប្រជាពលរដ្ឋទាំងអស់ សូមឲ្យបន្តបោះឆ្នោតជូនគណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបាននូវម្លប់សន្តិភាព និងការអភិវឌ្ឍទៅមុខទៀត។

សូមជម្រាបថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មី ១០កញ្ចប់ ប្រេងឆា ២លីត្រ ទឹកដោះគោ ២កំប៉ុង ស្ករស ២គីឡូក្រាម ទឹកត្រី ២ដប និងអំបិល ១គីឡូក្រាម៕