(ភ្នំពេញ)៖ ព្រះចៅស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍ (His Majesty Sultan Haji HASSANAL BOLKIAH MU'IZZADDIN WADD AUL AH) ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម នឹងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ ធ្វើឡើងតបតាមការយាងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបណ្តាញ Fresh News ទទួលបាន ឲ្យដឹងថា ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ចនេះ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម នឹងមានព្រះរាជសវនាការជាមួយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។
ព្រះចៅស៊ុល តង់ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងមានកិច្ចប្រជុំកំពូលទ្វេភាគី នៅវិមានសន្តិភាព នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់មកនឹងយាង/អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី។
ព្រះចៅស៊ុល តង់ នៃព្រុយណេដារូស្សាឡាម ក៏នឹងយាង ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរម រតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម ប្រព្រឹត្តទៅស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូត នៅក្នុងឆ្នាំនេះ៕