(ភ្នំពេញ)៖ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនី្នវង្សចាស់រហូតដល់មាត់ទន្លេច្រាំងបាក់ ក្នុងសង្កាត់ច្បារអំពៅទី២។
លោក ហ៊ត គឹមនី បានថ្លែងថា ដើម្បីសោភ័ណភាព និងមានសណ្តាប់ធ្នាប់ល្អ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ដែលផ្នែកមួយនៃរាជធានីភ្នំពញ ឱស្របតាមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង នៃទិវាបរិស្ថាន ឆ្នាំ២០២២នេះ» ចូរបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការទុកដាក់ទំនិញ ឬសម្ភារលក់ដូរ តាមមុខផ្ទះ ធ្វើមិចកុំឱ្យហូរហៀរមកលើទ្រូវផ្លូវ ដែលបង្កឱ្យបាត់សណ្តាប់ធ្នាប់ បាត់ផ្លូវសម្រាប់អ្នកថ្មើរជើង នាំឱ្យបង្កជាគ្រោះថ្នាក់ជាយថាហេតុផងដែរ។
រដ្ឋបាលខណ្ឌច្បារអំពៅ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរលក់ដូរតាមបណ្តាផ្លូវនានាក្នុងភូមិសាស្ត្រខណ្ឌ ត្រូវចូលរួមទាំងអស់គ្នា បញ្ឈប់ការយកចិញ្ចើមផ្លូវសាធារណៈដាក់តាំងលក់ប្រកករបរអាជីវកម្ម ដើម្បីចូលរួមថែរក្សាសោភ័ណ្ឌភាព សុវត្ថិភាព របៀបរៀបរយ ក្នុងមូលដ្ឋានខណ្ឌ នៃរាជធានីភ្នំពេញ។
បន្ថែមពីនេះ រដ្ឋបាលខណ្ឌ ក៏បានដាក់ចេញនូវផែនការឱ្យកម្លាំងសន្តិសុខត្រូវអនុវត្តជាប្រចាំ ទៅលើការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈគ្រប់ផ្លូវទាំងអស់ ដោយក្នុងនោះ៖
*សូមសំណូមពរបងប្អូនជាអ្នកប្រកបរបររត់ឡានឈ្នួល សូមកុំចតលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ទុកសម្រាប់បងប្អូនអ្នកថ្មើរជើង និងការធ្វើចរាចរណ៍ ។
*សូមសំណូមពរបងប្អូនជាអ្នកប្រកបអាជីវកម្ម កុំដាក់តាំងទំនិញ និងសម្ភារលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ទុកសម្រាប់អ្នកថ្មើរជើង និងការធ្វើចរាចរណ៍ ។
សូមបញ្ជាក់ជូនថា ក្រុមការងារបានណែនាំជូនដំណឹង និងធ្វើកិច្ចសន្យារួចហើយ ក្នុងករណីបងប្អូននៅតែដាក់លក់បំពាន កម្លាំងចម្រុះនឹងធ្វើការដកហូតសម្ភារៈ របស់របរ និងទំនិញផ្សេងៗរបស់ប្រជាពលរដ្ឋ ដោយមិនគិតពីការខូខាតទ្បើយ ហើយការចុះពិនិត្យធ្វើដូចភ្លៀងរលឹម៕