(កំពង់ឆ្នាំង)៖ លោក ស៊ុន​ សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថា ទិវាខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ បានប្រែក្លាយជាកម្លាំងមហាសាមគ្គីជាតិដ៏ខ្លាំងក្លា ដើម្បីរក្សាបានសុខសន្តិភាព ស្ថិរភាពឱ្យបានគង់វង្ស ចូលរួមចំណែកកសាង អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យគ្រប់មូលដ្ឋាន ឱ្យទទួលបានសមិទ្ធផលថ្មីៗជាបន្តថែមទៀត។

ការលើកឡើងបែបនេះរបស់ លោក ស៊ុន​ សុវណ្ណារិទ្ធិ បានធ្វើឡើងក្នុងឱកាសដែលលោក រួមជាមួយ លោក ឡុង ឈុន ឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដឹកនាំមន្ត្រីរាជការជុំវិញចេញខេត្តកងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានប្រារព្ធខួបលើកទី៦៩ នៃទិវាបុណ្យឯករាជជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិឆ្ឆិកា ២០២២ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលបានតស៊ូយ៉ាងជោគជ័យក្នុងការរំដោះទឹកដីចេញផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំង នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ។

លោក ស៊ុន​ សុវណ្ណារិទ្ធិ បានអានសន្ទរកថាស្តីពីប្រវត្តិសង្ខេបព្រះរាជបូជនីយកិច្ច ទាម​ទារឯករាជ្យនៅកម្ពុជា ដែលមានខ្លឹមសារថា៖ ខួបលើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២២នេះ ដើម្បីរំលឹកនូវព្រះរាជបេសកកម្ម នៃការដឹកនាំរបស់ សម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវរៈក្សត្រ ព្រះរាជបិតាឯក រាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញា ណយ៉ាងខ្លាំងខ្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យជាតិឱ្យប្រទេសកម្ពុជា បានរួចផុតពីអាណានិគមនិយមបារាំង ហើយប្រកាសឯករាជ្យជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

វីរភាពដ៏អង់អាចក្លាហាននេះគឺជាគំរូដ៏ល្អដល់កូនខ្មែរជំនាន់ក្រោយ ក្នុងការកសាងការពារបូរណភាព និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបការៈ ដ៏ថ្លៃថ្លារបស់វីរយុទ្ធជនយុទ្ធនារី និងប្រជាពលរដ្ឋយើងនៅគ្រប់ទិសទី ដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលិកម្ម អាយុជីវិតយ៉ាងអង់អាចក្លាហានបំផុត ដើម្បីសង្គ្រោះជាតិ មាតុភូមិពីរបបប្រល័យពូជសាសន៍ពីភ្នក់ភ្លើងសង្គ្រាមគ្រោះកាចចង្រៃផ្សេងៗព្រមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការការ ពារទឹកដី អធិបតេយ្យ សេរីភាព សន្តិភាព និងវិបុលភាពជាតិ នៃព្រះរាជាណាចក្រកម្ពុជា៕