(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខមេរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមចេញការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

នាឱកាសនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តាំផ្ញើដល់កងកម្លាំង ត្រូវអនុវត្តន៍បទបញ្ជាយ៉ាងម៉ឺងម៉ាត់ គោរពច្បាប់ គោរពវិន័យ ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ និងអនុវត្តត្រឹមត្រូវតាមតួនាទី ភារកិច្ច គោលដៅទទួលខុសត្រូវ រាយការណ៍តាមឋានានុក្រម។

នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានផ្តល់នូវអនុសាសន៍ដល់កងកម្លាំងថា ដើម្បីសម្រេចបានការការពារសន្តិសុខ រក្សាសុវត្ថភាព ជូនថ្នាក់ដឹកនាំកំពូលអាស៊ាន កងកម្លាំងគ្រប់រូបត្រូវតែរួមគ្នា សហការសាមគ្គីឯកភាព ទាំងកងកម្លាំង អាជ្ញាធរ និងប្រជាពលរដ្ឋចូលរួមសហការ ព្រមទាំងផ្តល់ព័ត៌មានផងដែរ៕