(កំពត)៖ ថ្ងៃដំបូងនៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក នៅខេត្តកំពតទទួលបានភ្ញៀវទេសចរចូលរួមកម្សាន្តជាង២០ម៉ឺននាក់។ នេះបើតាម លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ដែលបានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០២២នេះ។
លោក សយ ស៊ីណុល បានឱ្យដឹងថា ក្នុងថ្ងៃទីមួយនៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុកនៅខេត្តកំពត ដែលបានប្រព្រឹត្តនារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានភ្ញៀវទេសចរទៅទស្សនាខេត្តកំពតចំនួន២០៧,២៤៥នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ២០៥,៥២២នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុងចំនួន១,៧២៣នាក់។
លោកប្រធានមន្ទីរទេសចរណ៍បានបន្តថា ពិធីបុណ្យនេះបានប្រព្រឹត្តឡើងយ៉ាងគគ្រឹកគគ្រេងប្រកបដោយភាពសប្បាយរីករាយបំផុត។ ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរបានមកចូលរួមទស្សនាការប្រណាំងទូកប្រពៃណី ក៏ដូចជាការដើរកម្សាន្តនៅតាមរមណីយដ្ឋាននានាដ៏ច្រើនកុះករ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា សម្រាប់ថ្ងៃដំបូងនេះមានអ្នកមកលេងកម្សាន្តប្រមាណជាង២០ម៉ឺននាក់។ ចំណែកសន្តិសុខសណ្តាប់ធ្នាប់ផ្សេងៗមិនមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ តាមការព្យាករណ៍នៅថ្ងៃទីពីរនេះអាចនឹងមានអ្នកចូលរួមកាន់តែច្រើន ដោយសារការរៀបចំបានល្អ និងមានភាពសប្បាយករាយពិតៗ។
សូមបញ្ជាក់ថា ពិធីបុណ្យអុំទូកនៅកំពតមានកម្មវិធីកម្សាន្តជាច្រើន ដូចជាការប្រណាំងទូកង ការប្រកួតនិងបង្ហាញក្បាច់គុនល្បុក្កតោ សមិទ្ធផលភូមិមួយផលិតផលមួយ ស្តង់លក់ផលិតផល ការសម្ដែងសិល្បៈតន្ត្រីខ្នាតធំជាច្រើនទីតាំង ការជិះម៉ូតូហោះ សកម្មភាពបាញ់កាំជ្រួច បណ្ដែតប្រទីប បង្ហោះគោមជាដើម៕