(ពោធិ៍សាត់)៖ អង្គកឋិនសាមគ្គី ដែលផ្ដួចផ្ដើមពី លោក អ៉ឹង ទីបូឡា និងលោកស្រី ព្រមទាំងក្រុមការងារ, លោក ចេង ឡៃ អភិបាលខេត្តស្តីទី និងលោកស្រី និងអនិកជនសហរដ្ឋអាមេរិក មុំ សែ ព្រមទាំងពុទ្ធបរិស័ទ មកពីក្នុង និងក្រៅខេត្ត ដើម្បីវេរត្រ័យចីវរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តបាកាន ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយប្រមូលបច្ច័យកសាងបាន៨៤លានរៀល និង១,៧០០ដុល្លារ។

អង្គកឋិនទានសមាគម បានដង្ហែប្រទក្សិណ៣ជុំព្រះវិហារ ដោយមានការចូលរួមពីម្ចាស់ត្រ័យ ដូនជី តាជី និងពុទ្ធបរិស័ទមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ ប្រកបដោយភាពអធិកអធមក្រៃលែង នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ។

បើតាមលោកអាចារ្យវត្ត បានបញ្ជាក់ពីអត្ថន័យ នៃបុណ្យកឋិនទានថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងការគោរពបូជារបស់ប្រជាពលរដ្ឋខ្មែរតាំងពីយូរណាស់មកហើយ គឺបុណ្យកឋិនទានធ្វើបានតែរយៈពេល២៩ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ដែលការប្រគេនព្រះសង្ឃក្រាលគ្រងនៅថ្ងៃណាមួយក៏បានដែរ ហើយវត្តមួយធ្វើបានតែម្ដងទេ ក្នុងមួយឆ្នាំ។

លោកអាចារ្យបន្តថា កឋិន គឺជាសំពត់ដែលទាយក-ទាយិកា នាំយកគ្រឿងស្លៀកដណ្ដប់ ដែលដេរភ្ជាប់ដោយចេសមានឈ្មោះថា ចីវរ ទៅប្រគេនចំពោះភិក្ខុសង្ឃដែលបានគង់ចាំព្រះវស្សាអស់រយៈពេល៣ខែរួចមកហើយ។ ចំពោះបុគ្គលដែលធ្វើ គប្បីធ្វើឱ្យត្រូវតាមរបៀបវិន័យព្រះពុទ្ធដែរ ទើបកើតជាកឋិនពេញលក្ខណៈ រីឯអានិសង្ស គឺទាយកអ្នកធ្វើកឋិនបានអានិសង្សច្រើន ឯភិក្ខុសង្ឃអ្នកទទួលក្រាលគ្រង និងអនុមោទនាក៏បានអានិសង្ស៥យ៉ាងដែរ។

ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន មានថេរដីកាថា កឋិនទានសមាគមនេះ ប្រមូលបច្ច័យសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត បានចំនួន៨៤,០០,០០០រៀល និង១,៧០០ដុល្លារសហរដ្ឋអាមេរិក។

ព្រះចៅអធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះពុទ្ធបរិស័ទទាំងអស់ ជាពិសេសលោក អ៉ឹង ទីបូឡា និងលោកស្រី ព្រមទាំងក្រុមការងារ, លោក ចេង ឡៃ អភិបាលខេត្តស្តីទី និងលោកស្រី និងអនិកជនសហរដ្ឋអាមេរិក មុំ សែ ដែលបាននាំយកត្រ័យចីវរ មកប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងវត្តបាកាននេះ និងបានចូលរួមបច្ច័យជាកម្លាំងមហាសាមគ្គី សម្រាប់ចូលរួមនាពេលនេះ។ សូមឱ្យវត្ថុស័ក្តិសិទ្ធិក្នុងលោក ពិសេសបារមីព្រះពុទ្ធរូបបែរព្រះភ័ក្រ្តទៅទិសខាងលិចនៅវត្តបាកាន តាមជួយបីបាច់ថែរក្សាបងប្អូនទាំងអស់គ្រប់ទិវារាត្រី៕