(ភ្នំពេញ)៖ នៅមុនការផ្តើមទស្សនកិច្ចនៅកម្ពុជាមួយថ្ងៃ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានចេញសារបញ្ជាក់ពីជំហររបស់លោកក្នុងដំណើរទស្សនកិច្ចនេះ។ ក្នុងសារនេះលោកនាយករដ្ឋមន្ត្រី បានគូសរំលេចថា ដំណើរទស្សនកិច្ចជាលើកដំបូងនៅក្រៅប្រទេស ក្រោយការរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា មានគោលបំណងសំខាន់ពីរ គឺការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា និងចិន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងចិន និងប្រទេសនៅអាស៊ីបូព៌ា។

ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងនៃសាររបស់លោក លី ខឺឈាង៖

តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំនឹងបំពេញទស្សនកិច្ចជាផ្លូវការ ក្នុងពេលឆាប់ៗនេះនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសមានអរិយធម៌ដ៏ចំណាស់ និងស្រស់ផូរផង់បំផុត និងព្រមទាំងចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំពាក់ព័ន្ធស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។

នេះជាដំណើរទស្សនកិច្ចរបស់ខ្ញុំលើកដំបូងក្រោយពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ អស់រយៈពេលជិត ៣ឆ្នាំកន្លងមកនេះ ហើយក៏ជាកិច្ចប្រជុំថ្នាក់ដឹកនាំពាក់ព័ន្ធ ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាដំបូងគេ នឹងរៀបចំឡើងដោយផ្ទាល់ ដែលគម្លាតគ្នាអស់រយៈពេល២ឆ្នាំ។

រយៈពេលប៉ុន្មានឆ្នាំនេះ ចំណងមិត្តភាពរវាងចិន និងកម្ពុជា ទទួលបានការអភិវឌ្ឍន៍ថ្មីឥតឈប់ឈរ។ ឯកឧត្តម Xi Jinping ប្រធានាធិបតីចិន បានបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជានាឆ្នាំ២០១៦ ហើយបានថ្វាយគ្រឿងឥស្សរិយយស «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» ដល់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គលនាឆ្នាំ២០២០។ ទាំងនេះត្រូវបានកំណត់ជាទំព័រថ្មី សម្រាប់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏ចង់រម្លឹកគ្រាដែលប្រទេសចិន កំពុងស្ថិតក្នុងភាពលំបាកបំផុតក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ កាលពី២ឆ្នាំមុន ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជំនួយដ៏ថ្លៃថ្លា ជូនដល់ភាគីចិន, សម្ដេចតេជោ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅរដូវរងាក្នុងដំណើរបញ្ច្រាសទិស, កុមារកម្ពុជា ដែលមានជំងឺបេះដូងចំហ ពីកំណើតចំនួន ៨៦នាក់ទទួលបានការព្យាបាលនៅប្រទេសចិន ពួកគេ និងក្រុមគ្រួសារ បានផ្តល់ម៉ាសនៃក្តីស្រឡាញ់ចំនួនជាង ៥,០០០ម៉ាស ដល់ភាគីចិន។ ទាំងនេះបានបង្ហាញនូវភាពរស់រវើកនៃចំណងមិត្តភាពយ៉ាង ពិតប្រាកដ ដែលចិន និងកម្ពុជា តែងរួមសុខរួមទុក្ខជាមួយគ្នា រហូតមកដល់បច្ចុប្បន្ននេះនៅតែធ្វើឱ្យប្រជាជនចិនរាប់រយលាននាក់មានភាពកក់ក្តៅនិងរំភើបជាខ្លាំង។

ខ្ញុំចាប់ផ្តើមដំណើរទស្សនកិច្ចជាមួយបេះដូងកក់ក្តៅ។ ភាពកក់ក្តៅនេះ ក៏បានមកពីអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ដែលខ្ញុំធ្វើការជាមួយថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសក្នុងតំបន់ក្នុងរយៈពេល១០ឆ្នាំ ក្នុងនោះរួមទាំងកម្ពុជាផងដែរ បានជំរុញកិច្ចសហប្រតិបតិ្តការអាស៊ីបូព៌ា និងការផ្តល់អត្ថប្រយោជន៍រួមជូនដល់ ប្រជាពលរដ្ឋ។ កិច្ចសហប្រតិបត្តិការដ៏ល្អ និងស្មោះរបស់យើងទាំងអស់គ្នា ទទួលបានសមិទ្ធផលផ្លែផ្កាជាក់ស្ដែងជាច្រើន និងបានចារជាប់ក្នុងកំណត់ត្រា នៃការចងចាំជាប្រវត្តិសាស្រ្តសម្រាប់ការអភិវឌ្ឍន៍រួមគ្នាជាមួយបណ្ដាប្រទេសក្នុងតំបន់ ជំរុញដំណើរថេរជាប្រវត្តិសាស្រ្តនៃសហគមន៍វាសនារួមរវាងចិន និងប្រទេសក្នុងអាស៊ាន។

ស្ថិតក្រោមបច្ចុប្បន្នភាពដ៏ស្មុគស្មាញ និងប្រែប្រួលលើឆាកអន្តរជាតិ និងក្នុង តំបន់ និងព្រមទាំងការលេចឡើងនូវភាពមិនឋិតថេរមិនច្បាស់លាស់ និងអសន្តិសុខ ប្រទេសក្នុងតំបន់ត្រូវតែការពារឱ្យបាននូវបរិយាកាសស្ថិរភាព រក្សាឱ្យបាននូវសន្ទុះនៃការអភិវឌ្ឍន៍ ត្រូវរួមគ្នាបន្តមរតកបទពិសោធន៍ ជាប្រវត្តិសាស្រ្ត រួមគ្នាចាប់យកឱកាសជាក់ស្តែង និងបង្កើតចក្ខុវិស័យសម្រាប់ពេលអនាគត។

ក្រឡេកមើលទៅអតីតកាល ស្ថានភាពអន្តរជាតិប្រែប្រួលឥតឈប់ឈរ កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាមានភាពសកម្មខ្លាំង។ នេះជាកិច្ចប្រជុំថ្នាក់ដឹកនាំ ពាក់ព័ន្ធស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាលើកទី១០ដែលខ្ញុំបានចូលរួមជាប់ៗគ្នា។ រយៈពេល ១០ឆ្នាំកន្លងមកនេះ ចិន និងបណ្ដាប្រទេសបានដើរតួនាទី យ៉ាងលេចធ្លោក្នុងភាពដូចគ្នានៃទីតាំងភូមិសាស្រ្ត,ការជួយបំពេញឱ្យគ្នាទៅវិញ ទៅមកផ្នែកសេដ្ឋកិច្ច និងភាពស្រដៀងគ្នានៃវប្បធម៌ បានជីកកកាយនូវ សក្តានុពលនៃកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ គម្រោងធំៗត្រូវបានអនុវត្ត ជាលំដាប់មានដូចជាគម្រោងផ្លូវដែកចិន-ឡាវ និងរថភ្លើងល្បឿនលឿន Jakarta-Bandung ជាដើម បានផ្តល់ជាការទ្រទ្រង់ដ៏រឹងមាំសម្រាប់កំណើន សេដ្ឋកិច្ចនិងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ ជំរុញពាណិជ្ជកម្មនិងការវិនិយោគប្រកបដោយសេរីភាវូបនីយកម្ម និងភាពងាយស្រួលនៃការធ្វើពាណិជ្ជកម្មរវាងចិន-អាស៊ាន បោះជំហានទៅមុខយ៉ាងរលូន ទោះបីជាជួបឧបសគ្គក៏ដោយ ទំហំពាណិជ្ជកម្មពី ៤០០ពាន់លានដុល្លារអាមេរិក បានកើនឡើងដល់ ៨០០ពាន់លានដុល្លារអាមេរិក, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយក្នុងតំបន់(RCEP)ត្រូវបានចុះជាធរមាន បានក្លាយជាកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីដែលមានទ្រង់ទ្រាយសេដ្ឋកិច្ចធំបំផុត និងគ្របដណ្ដប់លើប្រជាជនយ៉ាងទូលំទូលាយបំផុតលើសកលលោក បានបញ្ចូលជាកម្លាំងដ៏ខ្លាំងក្លាបំផុតក្នុងការជំរុញធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងការការពារសកលភាវូបនីយកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្មសេរី។

ប្រឈមមុខជាមួយភាពលំបាក និងបញ្ហាប្រឈម ប្រទេសក្នុងតំបន់ បានដោះស្រាយបញ្ហាជម្លោះលើដែនសមុទ្រប្រកបដោយសមរម្យ ជំរុញយ៉ាងសកម្មនូវការចរចាលើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង(Code of Conduct in the South China Sea-COC) អនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្ដែងពាក់ព័ន្ធសមុទ្រ ខិតខំកសាងសមុទ្រចិនខាងត្បូងឱ្យក្លាយជាសមុទ្រនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ ប្រឈមមុខជាមួយបញ្ហាយាយីនៃជំងឺកូវីដ១៩ ប្រទេសក្នុងតំបន់បានរួមសុខទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក បន្ថែមអត្ថន័យថ្មីសម្រាប់ចំណងមិត្តភាពរវាងគ្នានឹងគ្នា។

ក្រឡេកមើលប្រវត្តិសាស្រ្ត ចំណងមិត្តភាពរវាងចិន និងកម្ពុជា មានអាយុកាលយូរអង្វែងរាប់ពាន់ឆ្នាំ និងបានឆ្លងកាត់រាល់ឧបសគ្គទាំងឡាយ។ ថ្នាក់ដឹកនាំជាច្រើនជំនាន់នៃប្រទេសទាំងពីរ បានយកចិត្តទុកដាក់ខ្ពស់ចំពោះចំណងមិត្តភាពដ៏មហិមា ធ្វើឱ្យចំណងមិត្តភាពនេះកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ លើបញ្ហាដែលទាក់ទងទៅនឹងអត្ថប្រយោជន៍ស្នូលរវាងគ្នានឹងគ្នា និងបញ្ហាដែលជាកង្វល់សំខាន់ ភាគីទាំពីរបានគាំទ្រនិងជួយគ្នាយ៉ាងមុតមាំ ជំនឿទុកចិត្ត និងចំណងមិត្តភាពដែលអាចពឹងផ្អែកឱ្យគ្នាទៅវិញទៅមក ត្រូវបានចាក់ឫសគល់យ៉ាងជ្រាលជ្រៅក្នុងក្រអៅបេះដូងប្រជាជនទាំងពីរតាំងយូរមកហើយ។ ឫសគល់នៃចំណងមិត្តភាពកាន់តែជ្រៅ ស្លឹកនៃកិច្ចសហប្រតិបត្តិការកាន់តែដុះញឹក និងបង្កើតបានជាសមិទ្ធផលផ្លែផ្កា ជាច្រើនអនេក។

យើងខ្ញុំមានក្តីរំភើបជាខ្លាំងនៅពេលឃើញថា កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរលើវិស័យដូចជាកសិផល តំបន់សួនឧស្សាហកម្ម សមត្ថភាពផលិតកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើមមានវឌ្ឍនភាពឥតឈប់ឈរ។ ប៉ុន្មានឆ្នាំនេះ ទន្ទឹមនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជា បានចូលជាធរមាន ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ សម្រេចបាន ១០ពាន់លានដុល្លារអាមេរិក ដែលជាតួលេខសម្រេចបានមុនពេលកំណត់ពីរឆ្នាំ។ កសិផលកម្ពុជា ដែលមានគុណភាពខ្ពស់ ត្រូវបាននាំចេញ និងមានវត្តមាននៅក្នុងផ្ទះប្រជាជនចិន មានដូចជាអង្ករ ត្រីប្រា ចេក ស្វាយ មៀន។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលសហការកសាងដោយ ភាគីទាំងពីរបានទាក់ទាញសហគ្រាសជាង១៧០ ហើយបានបង្កើតជាឱកាសការងារជិត ៣ម៉ឺនកន្លែង។ វឌ្ឍនភាពនៃការដ្ឋានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានភាពរលូន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានបញ្ចប់ការដ្ឋាន ធ្វើឱ្យកម្ពុជាមានផ្លូវល្បឿនលឿនដំបូងគេនៅក្នុងប្រទេស។ ខ្ញុំជឿជាក់ថា ការអភិវឌ្ឍន៍ជារួមរបស់កម្ពុជានឹងឈានចូលដល់យុគសម័យល្បឿនលឿនជាមិនខាន។

ពិភពលោកនាថ្ងៃនេះ កំពុងស្ថិតត្រង់យុគសម័យដែលមានការប្រឈម និងពោរពេញទៅដោយក្តីសង្ឃឹម។ ស្ថិតក្នុងសម័យកាលដ៏ធំមួយនេះ មិនថាលំនាំធំ ឬក៏ប្រាជ្ញាធំ ឬក៏មនោសញ្ចេតនាធំ មានដូចជាការគោរពគ្នា ទៅវិញទៅមក សមភាព ការសិក្សាពីគ្នា កិច្ចសហប្រតិបត្តិការ ជោគជ័យរួម ការបើកចំហនិងយោគយល់គ្នា ដែលចំណងមិត្តភាពរវាងចិន-កម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាតែងប្រកាន់ខ្ជាប់សុទ្ធតែជាកម្លាំងគំរូ កម្លាំងព្យាបាល និងជាកម្លាំងឆ្ពោះទៅមុខលើឆាកអន្តរជាតិនិងក្នុងតំបន់។

យើងត្រូវបន្តមរតក និងផ្សព្វផ្សាយស្មារតីដ៏មានតម្លៃមួយនេះ ទទួលកាព្វកិច្ចធ្ងន់នាសម័យកាល និងកាព្វកិច្ចធ្ងន់របស់ប្រជាជន ដែលបានផ្តល់ជូនយើងទាំងអស់គ្នា។ ប្រឈមមុខជាមួយស្ថានភាពអន្តរជាតិ ដ៏ច្របូកច្របល់ និងស្ថានភាពសេដ្ឋកិច្ចដ៏លំបាក ត្រូវតែបន្តរក្សាទិសដៅត្រឹមត្រូវនៃពហុភាគីនិយម និងសកលភាវូបនីយកម្មសេដ្ឋកិច្ច ពង្រឹងការតភ្ជាប់នៃយុទ្ធសាស្រ្តអភិវឌ្ឍ ខិតខំអនុវត្ត RCEP ឱ្យបានល្អ ជំរុញពាណិជ្ជកម្មក្នុងតំបន់ និងពាណិជ្ជកម្មសេរី ឱ្យដើរទន្ទឹមគ្នា ដើម្បីកសាងសេដ្ឋកិច្ចក្នុងតំបន់ដែលមានលក្ខណបើកចំហ។

ប្រឈមមុខជាមួយឱកាសថ្មី នៃការអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅនូវកំណែទម្រង់បច្ចេកវិទ្យា និងកំណែទម្រង់វិស័យផលិតកម្ម ត្រូវបណ្ដុះបណ្ដាលកម្លាំងជំរុញថ្មី នៃកិច្ចសហប្រតិបត្តិការលើវិស័យដូចជា5G, AI និងទីក្រុងឆ្លាតវៃជាដើម ពន្លឿនការផ្លាស់ប្ដូររូបរាងនៃសេដ្ឋកិច្ចសង្គមឌីជីថល ជាពិសេសដោយតាមរយៈ ការបង្កើតកិច្ចសហប្រតិបត្តិការលើការច្នៃប្រឌិតបច្ចេកវិទ្យាអន្តរជាតិយ៉ាងធំទូលាយ ដើម្បីឱ្យសមិទ្ធផលនៃបច្ចេកវិទ្យាហួសព្រំដែន បង្កើតអត្ថប្រយោជន៍ជូន ដល់មនុស្សជាតិគ្រប់រូប។

ប្រឈមមុខជាមួយបញ្ហាអាកាសធាតុប្រែប្រួល និងហានិភ័យសុវត្ថិភាព នៃប្រភពថាមពល ចិនរីករាយសហការជាមួយអាស៊ាន ក្នុងការកសាងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការប្រភពថាមពលស្អាត សម្រេចបានការអភិវឌ្ឍន៍បៃតង កាបូនទាប និងប្រកបដោយចីរភាព។

ប្រឈមមុខជាមួយផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន ដែលបង្កឡើងដោយជំងឺកូវីដ១៩ យើងខ្ញុំរីករាយក្នុងការជួយកែលម្អជីវភាព រស់នៅរបស់ប្រជាជនដោយតាមរយៈគម្រោងគំរូដូចជាគម្រោងផ្លូវដែកចិន-ឡាវ គម្រោងផ្តួចផ្តើមកាត់បន្ថយភាពក្រីក្រនៅអាស៊ីបូព៌ាជាដើម ជំរុញការផ្គត់ផ្គង់ស្បៀងអាហារ និងប្រភពថាមពលឱ្យមានស្ថិរភាព ពន្លឿនការអនុញ្ញាតសិស្សនិស្សិតអាស៊ានអាចត្រឡប់ទៅសិក្សានៅប្រទេសចិនវិញ លើកកម្ពស់ទំនាក់ទំនងមនុស្សសាស្រ្តឱ្យកាន់តែស៊ីជម្រៅមានដូចជាវប្បធម៌ ទេសចរណ៍ជាដើម។

ភាគីចិនតែងប្រកាន់ខ្ជាប់ការគាំទ្រសាមគ្គីភាព និងមជ្ឈភាពអាស៊ាន ធ្វើឱ្យរង្វង់មិត្តភក្តិ នៃភាគីទាំងពីរមានសកម្មភាពទៅវិញទៅមក បោះជំហានជាមួយគ្នាមិនទាស់ទែងគ្នា។ បណ្ដាប្រទេសអាចទុកចិត្ត ជាមួយចិន គ្មានសម្ពាធថាជាការជ្រើសរើសជាមួយប្រទេសណាមួយឡើយ មានតែកម្លាំងជំរុញនៃសាមគ្គី។ ប្រទេសចិននាថ្ងៃនេះ នៅក្នុងសមាជគណបក្សកុម្មុយនីស្តចិនលើកទី២០ ដែលទើបរៀបចំរួចកាលពីថ្មីៗនេះ បានកំណត់ជាយុទ្ធសាស្រ្តសម្រាប់ការកសាងប្រទេសសង្គមនិយមគ្រប់ជ្រុងជ្រោយតាមបែបទំនើបកម្ម និងការជំរុញស្តារគ្រប់ជ្រុងជ្រោយនូវប្រជាជាតិចិនដ៏មហិមា។

ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោក យើងនឹងផ្តោតអាម្មណ៍ក្នុងការអនុវត្តការងាររបស់ខ្លួនឱ្យបានល្អ ខិតខំធ្វើយ៉ាងណាឱ្យប្រជាជនចិនអាចរស់នៅក្នុងជីវភាពល្អ។ ចាប់ពីដើមឆ្នាំ២០២២នេះមក ការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចប្រទេសចិន បានឆ្លងកាត់ដំណើរមិនធម្មតា។ ទទួលរងឥទ្ធិពលកត្តាស្មុគស្មាញខ្លាំងពីសំណាក់ខាងក្នុង និងក្រៅប្រទេស ដំណើរសេដ្ឋកិច្ចធ្លាប់ប្រឈមមុខនឹងសម្ពាធធ្លាក់ចុះលើសពីការគ្រោងទុក។

យើងបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់និងវិធានការជាបន្តបន្ទាប់យ៉ាងទាន់ពេលវេលាសម្រាប់ស្ថិរភាពនៃសេដ្ឋកិច្ច។ គោលនយោបាយម៉ាក្រូមិនត្រឹមតែមានថាមពល និងប្រសិទ្ធភាព ថែមទាំងសមស្របនិងត្រឹមត្រូវ មិនប៉ះពាល់ពេលអនាគត ខិតខំរក្សាស្ថិរភាពការងារនិងតម្លៃថេរក្នុងប្រព័ន្ធរួមនៃទីផ្សារ ជំរុញដំណើរសេដ្ឋកិច្ចរក្សាទំហំសមស្រប។ យើងនឹងជំរុញស្ថិរភាពនិងសុខុមាលភាពសេដ្ឋកិច្ចឱ្យមានការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បើកចំហនាំមកភាពរីកចម្រើន ជំរុញការអភិវឌ្ឍន៍ បំផុសគំនិតច្នៃប្រឌិត។

ប្រទេសចិនប្រកាន់ខ្ជាប់គោលនយោបាយជាតិមូលដ្ឋានបើកចំហដោយមិនងាករេ រីឯច្រកទ្វារបើកចំហរឹតតែធំ។ យើងនឹងលើកកម្ពស់ការពង្រឹងស្ថាប័នរដ្ឋាភិបាល ប្រគល់សិទ្ធគ្រប់គ្រងដល់ទីផ្សារ ធ្វើឱ្យប្រសើរឡើងនូវកំណែទម្រង់សេវាកម្ម បន្តបង្កើតបរិយាកាសពាណិជ្ជកម្មដែលមានលក្ខណទីផ្សារ នីតិរដ្ឋ និងអន្តរជាតិ ដើម្បីឱ្យប្រទេសចិនក្លាយជាទីកំពូលនៃការបើកចំហ តំបន់ពេញនិយមនៃការវិនិយោគ និងចែករំលែកឱកាសនៃការអភិវឌ្ឍន៍ជាមួយពិភពលោក។

កម្ពុជាមានសុភាសិតមួយតែងពោលថា មាផ្លូវគឺមានក្តីសង្ឃឹម។ វិថីដែលយើងបោះជំហានទៅមុខអាចនឹងមិនរលូន ប៉ុន្ដែគ្មានភ្នំណាដែលខ្ពស់ជាងមនុស្សនោះទេ គ្មានផ្លូវណាវែងជាងជើងនោះទេ។ យើងរីករាយសហការជាមួយប្រទេសក្នុងតំបន់រួមទាំងកម្ពុជាផងដែរក្នុងការពួតដៃគ្នាឆ្ពោះដំណើរទៅមុខ ពុះពាររាល់ព្យុះភ្លៀងទាំងឡាយ ដើម្បីឱ្យចំណងមិត្តភាពចិននិងកម្ពុជាក៏ដូចជាកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាមានការអភិវឌ្ឍន៍កាន់តែច្រើនឡើង និងផ្តល់ឱកាសថ្មីៗកាន់តែសម្បូរបែប៕