(ភ្នំពេញ)៖ លោក ឆាយ សុផល អ្នកនិពន្ធសៀវភៅ នៅក្នុងសប្តាហ៍នេះ បានប្រគល់សៀវភៅចំនួនពីរប្រភេទជាភាសាអង់គ្លេស ជូនលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីទុកចែកជូនភ្ញៀវ និងអ្នកសារព័ត៌មានបរទេស ដែលនឹងមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

បើតាមការបញ្ជាក់ពីលោក ឆាយ សុផល បានឱ្យដឹងថា សៀវភៅទាំងពីរប្រភេទនោះរួមមាន៖ សៀវភៅដែលមានចំណងជើងថា «Hun Sen - War and Peace in Cambodia and Southeast Asia» ប្រែជាភាសាខ្មែរថា «ហ៊ុន សែន-សង្គ្រាម និងសន្តិភាពនៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍» និងសៀវភៅមានចំណងជើងថា «The Prime Minister’s Eldest Son – Journey Towards Turn – Hun Manet» ប្រែជាភាសាខ្មែរថា «កូនប្រុសច្បងនាយករដ្ឋមន្ត្រី-ដំណើរឆ្ពោះទៅបន្តវេន-ហ៊ុន ម៉ាណែត»

អ្នកនិពន្ធ ឆាយ សុផល បន្តថា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្ទាប់ពីបានទទួលសៀវភៅរួចមក លោក ក៏បានប្រគល់ជូនអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន សម្រាប់ចាត់ចែងក្នុងការចែកជូនភ្ញៀវ និងអ្នកសារព័ត៌មានបរទេស ដើម្បីឱ្យពួកគេបានដឹងបន្ថែម និងស៊ីជម្រៅពីប្រវត្តិថ្នាក់ដឹកនាំប្រទេសកម្ពុជា ក៏ដូចជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយចំនួនពាក់ព័ន្ធនឹងសង្គ្រាម និងសន្តិភាពនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

មានប្រសាសន៍នៅក្នុងពិធីទទួលសៀវភៅកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ នៅឯទីស្តីការក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងថា សៀវភៅនេះ ពិតជាមានសារសំខាន់ និងមានប្រយោជន៍សម្រាប់ទុកជូនភ្ញៀវ អន្តរជាតិ នៅក្នុងកិច្ចប្រប្រជុំកំពូលអាស៊ានខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមបញ្ជាក់ថា លោករដ្ឋមន្ត្រី ក៏ធ្លាប់រម្លឹកដែរថា កន្លងមក សៀវភៅអំពីខ្មែរ ជាភាសាបរទេសមានតែជនបរទេសប៉ុណ្ណោះជាអ្នកសរសេរ ប៉ុន្តែថ្មីៗនេះ ខ្មែរក៏អាចសរសេរសៀវភៅពីខ្មែរជាភាសាបរទេសឱ្យបរទេសអានបានដែរ ដែលជារឿងគួរឱ្សកោតសរសើរ និងមោទនភាព ហើយលោកក៏បានលើកទឹកចិត្ត អ្នកនិពន្ធខ្មែរឱ្យខិតខំបន្តកិច្ចការសំណេររបស់ខ្លួនបន្ថែមទៀត៕