(សៀមរាប)៖ វត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតនៅប៉ែកខាងត្បូងជាប់នឹងបារាយណ៍ទឹកថ្លា ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប បានរៀបចំពិធីប្រណាំងទូកលក្ខណៈប្រពៃណីលើកទី៥ ដើម្បីរក្សាប្រពៃណីទំនៀមទំលាប់ក្នុងសហគមន៍ និងអបអរសាទរអង្គកឋិនទាន។

ពិធីប្រណាំងទូកខ្នាតតូចលក្ខណៈប្រពៃណី និងនិងអង្គកឋិនទានឆ្នាំនេះ មានរយៈពេលពីរថ្ងៃ នៅថ្ងៃទី៥ និងទី៦ ខែវិច្ឆិកាឆ្នាំ២០២២ មានទូកចូលរួម១៣គូរ ទូកនីមួយៗចំណុះ៦នាក់ផងដែរ។

អ្នកស្រី កែវ ម៉ូលីណា ដែលរស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានសម្តែងការសប្បាយរីករាយជាខ្លាំងក្នុងឱកាសដែលបានមកចូលរួមពិធីប្រណាំងទូក និងអង្គកឋិនទាន នៅវត្តស្វាយរមៀត។ ដោយអ្នកស្រីបានមកកម្សាន្តជាលក្ខណៈគ្រួសារជាច្រើននាក់ ព្រមទាំងមានអ្នកជិតខាងជាច្រើនក៏បានមកចូលរួមក្នុងកម្មវិធីនេះដែរ។

លោក ទិន ហ៊ឺ ដែលរស់នៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ក៏លើកឡើងមិនខុសគ្នានោះដែរ លោកថាឆ្នាំនេះមានការសប្បាយរីករាយជាខ្លាំង ដោយកម្មវិធីនេះខកខានរៀបចំរយៈពេល២ឆ្នាំមកហើយ ដោយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ក៏ដូចជានៅជុំវិញពិភពលោក។ ហើយឆ្នាំនេះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកចូលរួមពិធីប្រណាំងទូកលក្ខណៈប្រពៃណីលើកទី៥ និងអង្គកឋិនទាន នៅវត្តស្វាយរមៀតនាឱកាសនេះ។

ទន្ទឹមនឹងនោះដែរ លោក ក្រូច លួន ដែលរស់នៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប បានលើកឡើងថា លោកឃើញស្នាមញញឹមរបស់ប្រជាពលរដ្ឋមកទាំងអស់ ដែលមកចូលរួមក្នុងពិធីប្រណាំងទូក និងអង្គកឋិនទាន មានការសប្បាយរីករាយ​ជាខ្លាំង ទោះអាកាសធាតុក្តៅបន្តិចក៏ដោយ។ លោកបន្តថា លោកចង់ឱ្យមានកម្មវិធីនេះ ជារៀងរាល់ឆ្នាំ ដើម្បីឱ្យប្រជាពលរដ្ឋមានការសប្បាយរីករាយ និងចូលរួមធ្វើបុណ្យអង្គកឋិនទានសាមគ្គីផងដែរ។

ជាមួយនេះដែរ ព្រះសច្ចានុបាល នឿម វុទ្ឋី ព្រះចៅអធិការវត្តបារាយមហានទីរតនារាម ហៅ(វត្តស្វាយរមៀត) មានសង្ឃដីកាថា ពិធីប្រណាំងទូកបែបប្រពៃណីនេះ ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីចូលរួមប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុករបស់ជាតិ ដើម្បីថែរក្សាប្រពៃណីរវាងវត្ត និងសហគមន៍ ដែលធ្លាប់មានមកកុំឱ្យបាត់បង់ និងអបអរសាទរចំពោះបុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្ត រំឭកដឹងគុណចំពោះវត្ថុសក្កិសិទ្ធិ ដែលបានផ្តល់ឱ្យមានសុខសាន្ត និងសម្បូរសប្បាយផងដែរ៕