(កំពង់ស្ពឺ)៖ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ និងជាអ្នកនាំពាក្យព្រឹទ្ធសភា នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ចែកជូនដល់មណ្ឌលកុមារកំព្រា និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី លោក គង់ សារាជ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ លោក ហែម ខន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងតំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ។
ជួសមុខឱ្យក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ លោក ម៉ម ប៊ុននាង ដែលបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលឱសថ សម្លៀកបំពាក់ជូនមន្ទីរពេទ្យបង្អែកខេត្ត និងពិធីចែកអំណោយជូនមណ្ឌលកុមារកំព្រា ខេត្តកំពង់ស្ពឺ។
នេះពិតជាបង្ហាញឱ្យឃើញច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ ដល់សុខទុក្ខរបស់ប្រជាជនតាមជនបទ ព្រមទាំងសបញ្ជាក់ឱ្យឃើញពីការគោរពស្រលាញ់ និងការលើកទឹកចិត្តដល់ក្មួយៗកុមារកំព្រាទូទាំងខេត្តកំពង់ស្ពឺ ដែលកំពុងរស់នៅតាមមណ្ឌលចិញ្ចឹម។
លោកអភិបាលខេត្តបានបញ្ជាក់ថា ក្រោមដំបូលនៃសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ ប្រជាជនកម្ពុជាបាននឹងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនាក្នុងសង្គមជាតិមួយ ដែលកំពុងដំណើរការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ ហើយសមិទ្ធផលនានាជាច្រើនត្រូវបានបង្កើតឡើង និងកំពុងបន្តរីកលូតលាស់ជាបន្តបន្ទាប់។
ជាមួយគ្នានេះ ខេត្តកំពង់ស្ពឺ ក៏ដូចជាបណ្តាខេត្ត និងរាជធានីផងដែរ គឺទទួលបានផ្លែផ្កានៃសមិទ្ធផលនានា តាមរយៈការ វិនិយោគក្នុងទឹកដីខេត្តកំពង់ស្ពឺ ដែលធ្វើឱ្យប្រជាពលរដ្ឋទូទាំងខេត្ត មានជីវភាពកាន់តែប្រសើរឡើង។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនាឱកាសនោះ លោក ម៉ម ប៊ុននាង បានពាំនាំនូវការផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចវិបុលសេនាភ្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់នៃខេត្តកំពង់ស្ពឺ។
លោកបានថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោកអភិបាលខេត្ត និងសហការី ព្រមទាំងអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ពិសេស តែងបានផ្តល់នូវការគាំទ្រដល់មណ្ឌលកុមារកំព្រារបស់យើង។
លោកបានផ្តាំផ្ញើដល់ចៅៗទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងសិក្សារៀនសូត្រ ស្តាប់ការណែនាំរបស់លោកគ្រូ អ្នកគ្រូ មាតា បិតា និងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ ក្លាយជាទំពាំងស្នងឬស្សី ជាពិសេសត្រូវជៀងឱ្យឆ្ងាយពីគ្រឿងញៀន និងក្រុមបងតូចបងធំ ព្រមទាំងចេះសាមគ្គីគ្នា ចេះជួយគ្នាទៅវិញទៅមក និងត្រូវរស់នៅប្រកបដោយអនាម័យ។
អំណោយ សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា និងលោកជំទាវ ចែកជូនដល់មណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ និងកុមារកំព្រាចំនួន២៥០នាក់ នាពេលនោះរួមមាន៖ អង្ករចំនួន០៣តោន ទឹកត្រីចំនួន៥០យួរ ទឹកស៊ីអ៊ីវ ចំនួន៥០យួរ មីចំនួន១០កេសធំ សម្លៀកបំពាក់បុរស់-នារី ចំនួន១៤កេស អាវរងាចំនួន០៥កេស មួក-ស្បែកជើងចំនួន០២កេស ម៉ាស់១០០កេស។
ដោយឡែកចំពោះកុមារកំព្រាចំនួន២៥០នាក់ ក្នុងម្នាក់ៗទទួលបានកាបូបចំនួន០១ សៀវភៅ០២ក្បាល់ ប៊ិច០១ដើម ខ្មៅដៃ០១ដើម ជ័រលុប០១ បន្ទាត់០១ និងថវិកាចំនួន ១ម៉ឺនរៀល។
បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះដែល លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ អ្នកនាំពាក្យព្រឹទ្ធសភា និងគណៈប្រតិភូ បានបន្តនាំយកអំណោយរបស់ សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា និងលោកជំទាវប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដែលរួមមាន៖ ១-ថ្នាំពេទ្យចំនួន១៦មុខ ស្មើនឹង ៨៨៤កេស, ២-សម្លៀកបំពាក់ ចំនួន ១១៩កេស, ៣-ស្បែកជើង ចំនួន២កេស, ៤-ម៉ាស់ចំនួន ១០០កេស ដែលគិតជាទឹកប្រាក់សរុបចំនួន ៣៤៧,១៥២$។ អំណោយដ៏ថ្លៃថ្លានេះ គឺជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការផ្នែកមនុស្សធម៌ រវាងព្រឹទ្ធសភាកម្ពុជា ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ។
លោក ម៉ម ប៊ុននាង បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះលោកគ្រូ អ្នកគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ។ ឯកឧត្តមមានជំនឿជឿជាក់ថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រធាននាពេលនេះ ពិតជានឹងបានជួយសម្រាលបន្ទុកមន្ទីរពេទ្យបង្អែកខេត្ត និងបានជួយដល់អ្នកជំងឺដែលមានជីវភាពខ្វះខាត និងត្រូវការការជួយឧបត្ថម្ភគាំទ្រយ៉ាងពិតប្រាកដ។
លោកអនុប្រធានមន្ទីរពេទ្យមន្ទីរបង្អែកខេត្តកំពង់ស្ពឺ តំណាងឱ្យមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំង ឯកឧត្តមប្រធានគណកម្មការទី១០ព្រឹទ្ធសភា និងគណៈប្រតិភូ ដែលបានឧបត្ថម្ភនូវឱសថ ឧបករណ៍-សម្ភារវេជ្ជសាស្ត្រ គ្រឿងឧបភោគ បរិភោគ និងសម្ភារសិក្សាយ៉ាងច្រើនដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលកុមារកំព្រា។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង និងគណៈប្រតិភូ បានអញ្ជើញចុះពិនិត្យមើលអគារមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺដែលកំពុងសាងសង់ ព្រមទាំងជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ចែកជូនដល់ស្ត្រីដែលទើបសម្រាលកូន និងអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន៤០នាក់ ដោយទទួលបានថវិកា ៥ម៉ឺនរៀល។
សូមបញ្ជាក់ថា នាំយកអំណោយរបស់សម្តេចប្រធានព្រឹទ្ធសភា ចែកជូនដល់មណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ គិតជាទឹកប្រាក់សរុបចំនួន២៣,៧២៨,៤០០រៀល(ម្ភៃបីលាន ប្រាំពីរសែនពីម៉ឺនប្រាំបីពាន់បួនរយរៀល) និង ៣៤៧,១៥២ដុល្លារអាមេរិក (សាមសិបបួនម៉ឺប្រាំពីរពាន់មួយរយហាសិបពីរដុល្លារ)៕