(កំពង់ស្ពឺ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកបណ្ឌិត អ៊ុម រម្យណី ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានដង្ហែកឋិកទានទៅកាន់វត្ដចំការចារ៍ ស្ថិតនៅក្នុងភូមិសំរោង ឃុំអង្គពពេល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា ថវិកាសរុបដែលទទួលបានពីការចូលជាបច្ច័យទុកសម្រាប់ការសាងសង់អគារសាលាពុទ្ធិកបឋមសិក្សា មហាឧបាសិកា លី ចន្ទ័ដ្ឋា បាលីជ័យ នៃអង្គកឋិនទានថ្ងៃទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានចំនួន ១១៧,៣៨៧,១០០រៀល និង ៥២,៥៦៥ដុល្លារ។ ថវិកាដែលទទួលបានពីអង្គកឋិនទាននេះ វេរប្រគេនវត្តចំនួន ៩,៩៩៩,៩០០រៀល សម្រាប់ព្រះតេជគុណ និងគណៈកម្មការអាចារ្យវត្ត ចាត់ចែងក្នុងការធ្វើរបងវត្តដែលខ្វះខាត។

រីឯថវិកាដែលនៅសល់ រក្សាទុកដើម្បីចាត់ចែងធ្វើការសាងសង់អគារសាលាពុទ្ធិកបឋមសិក្សា មហាឧបាសិកា លី ចន្ទ័ដ្ឋា បាលីជ័យ ខ្វះខាតមួយចំនួនធំទៀតនោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងលោកបណ្ឌិត អ៊ុម រម្យណី នឹងគិតគូរជាបន្តបន្ទាប់រហូតដល់បញ្ចប់ការសាងសង់អគារសាលានេះ។

លោកស្រីឧទ្ទិសអង្គកឋិនទាននេះ គោរពជូនចំពោះឧបាសក ឱ គឹមហ៉ី, ឧបាសក អ៊ូ ថន និងឧបាសិកា ហួត ស៊ីផេត ព្រមទាំងញាតិការទាំង ៧ សន្តាន ដែលបានធ្វើមរណកាលទៅហើយនោះ ឱ្យបានទទួលនូវកុសលផលបុណ្យនេះផងដែរ។

ក្នុងនោះបានវេរប្រគេននូវថវិកាចំនួន ១០លានរៀល ជាថវិកាផ្ទាល់ខ្លួនរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងលោកបណ្ឌិត អ៊ុម រម្យណី ព្រមទាំងបុត្រ សម្រាប់វត្តចាត់ចែងចំណាយលើល្ខោនបាសាក់។ 

លោកស្រីវេជ្ជបណ្ឌិតក៏បានផ្តល់នូវឱសថចំនួន ៤កេះធំ និងបានចាត់ចែង រួមជាមួយនឹងមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ នូវក្រុមគ្រូពេទ្យចំនួន ៣០នាក់ ចុះមកផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺ ព្រមទាំងបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តនៅទីនោះ ។
លោកជំទាវនិងក្រុមគ្រួសារ​ ក៏បានចាត់ចែងក្នុងការផ្តល់ការចាក់វ៉ាក់សាំង និងពិនិត្យព្យាបាលជំងឺជូនប្រជាជន កំឡុងពេលធ្វេីកឋិនទានស្ថិតនៅទីតាំងវត្តចំប៉ាចារ៍ ក្នុងភូមិសំរោង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ នាថ្ងៃទី៥​ និងទី៦ ខែវិច្ឆិកា ឆ្នាំ២០២២​ បានចាក់វ៉ាក់សាំងកូវីដ-១៩​ ចំនួនសរុប ១០៨នាក់​ និងពិនិត្យព្យាបាលជំងឺសរុបបានចំនួន ៣៤១នាក់​ ដោយប្រេីប្រាស់ឱសថដែលជាសទ្ធាជ្រះថ្លាផ្តល់ដោយលោកលោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ ជាម្ចាស់ដេីមបុណ្យកឋិនទាននេះផ្ទាល់​ ទទួលបានពីសប្បុរសជនដែលចូលរួមចាប់មគ្គផលបុណ្យពីអង្គកឋិនទាននេះ។

ក្នុងឱកាសនោះ លោកយាយមហាឧបាសិកា លី ចន្ទ័ដ្ឋា រួមគ្នាជាមួយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងលោក អ៊ុម រម្យណី ព្រមទាំងបុត្រ ក៏បានប្រគេនដល់សាមណសិស្សចំនួន ៧៨អង្គនាក់ នូវកាបូបសាក់កាដូសម្រាប់ដាក់សៀវភៅ និងសម្ភារៈសិក្សាមួយចំនួនធំ ព្រមទាំងប្រគេនឱសថដែលមិនចាំបាច់មានវេជ្ជបញ្ជារ (OTC drugs) សម្រាប់ប្រើប្រាស់ក្នុងវត្តចំនួន ១កាតុងធំ ដែលមានឱសថជាច្រើនមុខដូចជាថ្នាំក្តៅខ្លួន ក្អក ផ្តាសាយធម្មតា (មិនមែនជាកូវីដ-១៩) រាក និងឈឺពោះជាដើម និងមានសរសេរពីរបៀបប្រើប្រាស់រួចជាស្រេចផងដែរ។

លោកយាយមហាឧបាសិកា លី ចន្ទ័ដ្ឋា រួមគ្នាជាមួយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងលោក អ៊ុម រម្យណី ព្រមទាំងបុត្រ និងក្រុមគ្រួសារទាំងអស់ដែលជាម្ចាស់ដើមបុណ្យ បានរៀបចំធ្វើទានជូនលោកយាយ-លោកតា ចំនួន ៥០នាក់ លោកគ្រូ-អ្នកគ្រូ ៩នាក់ និងសិស្សានុសិស្សចំនួន ៩៩នាក់ ផងដែរ។
ពិធីបុណ្យកឋិនទាន ជាបុណ្យមួយដែលមានចែងក្នុងសាសនាព្រះពុទ្ធសាសនា ហើយ រយៈកាលនៃការធ្វើបុណ្យកឋិនទាន មានតែ ២៩ថ្ងៃគត់ គឺចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ថ្ងៃ ១៥កើតខែកត្តិក។ ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានចាត់ទុកថាជាការធ្វើទានដ៏ពិសេសមួយ តាមពុទ្ធានុញ្ញាត។

ឆ្លៀតឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានថ្លែងអំណរគុណដល់ប្រជាពុទ្ធបរិស័ទ ក៏ដូចជាមន្ដ្រីថ្នាក់ដឹកនាំ សិស្សនិស្សិត បងប្អូនប្រជាពលរដ្ឋដែលមានសទ្ធាជ្រះថ្លា រួមគ្នាបង្កើតឱ្យមានបុណ្យកឋិនទានថ្ងៃនេះឡើង ក្នុងការទ្រទ្រង់វិស័យព្រះសាសនា និងជាការបង្ហាញឱ្យឃើញពីស្មារតីរួបរួមសាមគ្គីគ្នា ឯកភាព ក្រោមដំបូលសុខសន្តិភាព។

លោកស្រី ឱ វណ្ណឌីន បានវេរប្រគេនពរ និងជូនពរដែលកើតចេញពីបុណ្យកឋិនទាននាឱកាសនេះ ដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទំាងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួន ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕