(ព្រះវិហារ)៖ អាជ្ញាធរខេត្តព្រះវិហារ បានអះអាងថា មិនមានការបិទផ្លូវ និងយកលុយពីប្រជាកសិករ ដឹកកសិកផលឆ្លងកាត់ផ្លូវក្រុមហ៊ុនចំការអំពៅចិន យកទៅលក់តាមទីផ្សារនានានោះទេ។

ការបញ្ជាក់អះអាងរបស់អាជ្ញាធរខេត្តបែបនេះ ក្នុងឱកាសដែលលោក អ៊ុង វុឌ្ឍី អភិបាលរងខេត្ត តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ សមត្ថកិច្ច ជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យជាក់ស្តែងផ្លូវក្រុមហ៊ុនចំការអំពៅចិនមួយកន្លែង ដែលបណ្តាញព័ត៌មាន និងបណ្តាញសង្គម បានផ្សព្វផ្សាយប៉ុន្មានថ្ងៃមកនេះ។

លោក អ៊ុង វុឌ្ឍី បានថ្លែងថា ដោយមានការចង្អុលបង្ហាញពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្នុងនាមលោកជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកត្បែងមានជ័យ លោកបានដឹកនាំអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក តំណាងសន្តិសុខក្រុមហ៊ុន និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានចុះពិនិត្យជាក់ស្តែង បន្ទាប់ពីបណ្តាញព័ត៌មានផ្សាយថា មានការតវ៉ាផ្តិតមេដៃពីប្រជាពលរដ្ឋ លើក្រុមហ៊ុនចំការអំពៅចិនថា បិទផ្លូវ និងយកលុយពីប្រជាពលរដ្ឋលើការដឹកជញ្ជូនកសិផលយកទៅលក់នៅខាងក្រៅ ឆ្លងកាត់ផ្លូវក្រុមហ៊ុន។

លោកអភិបាលរងខេត្ត បានថ្លែងបញ្ជាក់ថា ការចុះពិនិត្យជាក់ស្តែងរបស់ក្រុមការងារថ្នាក់ខេត្ត ស្រុក និងជំនាញពាក់ព័ន្ធនៅពេលនេះ ឃើញថា មិនមានអ្វីដូចការផ្សព្វផ្សាយរបស់បណ្តាញព័ត៌មាននោះទេ។ ការពិនិត្យឃើញថា ប្រជាពលរដ្ឋប្រមាណ២០ ទៅ ៣០គ្រួសារ កំពុងតែអាស្រ័យផល និងប្រមូលដំឡូងយកមកលក់តាមទីផ្សារជាធម្មតា មិនមានការបង្ខិតបង្ខំពីក្រុមហ៊ុនទេ ពោលគឺប្រជាពលរដ្ឋអាចលក់ផលិតផលនៅទីណាក៏បាន។

ទាក់ទងនឹងការដាក់បារ៉ាស់ឆ្លងកាត់ផ្លូវរបស់ក្រុមហ៊ុនចំការអំពៅចិន លោក អ៊ុង វុឌ្ឍី ថ្លែងបញ្ជាក់ថា ការដាក់បារ៉ាស់នេះក្រុមហ៊ុនគ្រាន់តែចង់ត្រួតពិនិត្យ ថាតើប្រជាពលរដ្ឋប៉ុន្មានគ្រួសារ មានបណ្ណកម្មសិទ្ធិ ឬគ្មានបណ្ណកម្មសិិដីធ្លីនៅក្នុងក្រុមហ៊ុន? ចំពោះប្រជាពលរដ្ឋមានបណ្ណកម្មសិទ្ធិដីធ្លីនៅក្នុងក្រុមហ៊ុន គឺអាចចេញចូលដោយសេរី។

លោកបន្តថា ការដាក់បារ៉ាសនេះ គឺជាផ្លូវឯកជនរបស់ក្រុមហ៊ុន ហើយការដាក់នេះ គឺដើម្បីងាយស្រួលគ្រប់គ្រងដីវិនិយោគជាង ៦,០០០ហិកតា របស់ក្រុមហ៊ុន ហើយក្រោយការប្រមូលផលរួច ប្រជាពលរដ្ឋដែលគ្មានបណ្ណកម្មសិទ្ធិដីធ្លីនៅក្នុងក្រុមហ៊ុន គឺមិនអាចដាំដុះទន្ទ្រានលើដីក្រុមហ៊ុនបានទៀតទេ។

លោក អ៊ុង វុឌ្ឍី បានបញ្ជាក់ទៀតថា ក្រុមហ៊ុនមិនមានជួលដីទៅឱ្យបុគ្គលណាទេ កន្លងមកដោយក្រុមហ៊ុនមានបញ្ហាទុកដីទំនេរ ប្រជាពលរដ្ឋមកពីគ្រប់ទិសទី បានចូលមកដាំដុះអាស្រ័យផល ហើយឆ្នាំ២០២៣ខាងមុខនេះ ក្រុមហ៊ុននឹងដំណើរការវិនិយោគឡើងវិញ។

ចំពោះការកាយប្រឡាយព្រំ គឺដើម្បីសុវត្ថិភាពដីរបស់ក្រុមហ៊ុន ហើយកន្លងមកអាជ្ញាធរខេត្ត ស្រុក បានធ្វើការសម្របសម្រួលផ្លូវអាទិភាព សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកថា សរុបមកការផ្សព្វផ្សាយកន្លងមកមិនមានការពិតទេ ហើយសន្តិសុខក្រុមមហ៊ុន មិនបានយកលុពីប្រជាពលរដ្ឋដែរ ចំពោះការកត់ឈ្មោះ គឺមានមែន គ្រាន់តែចង់ដឹងថា តើគាត់មានដីពិតប្រាកដក្នុងក្រុមហ៊ុននៅឯណា?

ចំពោះប្រជាពលរដ្ឋដែលបានអាស្រ័យផលលើដីក្រុមហ៊ុនមួយហិកតា ឬពីរហិកតា អាជ្ញាធរខេត្ត ស្រុក បានសម្របសម្រួលមិនឱ្យក្រុមហ៊ុន យកលុយទេ ពេលប្រមូលផលហើយ ក៏មិនអនុញ្ញាតឱ្យគាត់មកដាំដុះលើដី វិនិយោគរបស់ក្រុមហ៊ុនតទៅទៀតទេ ព្រោះឆ្នាំ២០២៣ខាងមុខនេះ ក្រុមហ៊ុននឹងដំណើរការឡើងវិញហើយ៕