(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យសៀវភៅ «ថ្វីគំនិត» និងបានកោតសរសើរឧកញ៉ាបណ្ឌិត ផន វណ្ណិត ដែលបានខិតខំនិពន្ធសៀវភៅនេះ ទុកជាប្រយោជន៍សម្រាប់សិក្សាស្រាវជ្រាវ។
ឧកញ៉ាបណ្ឌិត ផន វណ្ណិត បាននិពន្ធសៀវភៅថ្មីមួយក្បាល មានចំណងជើងថា «ថ្វីគំនិត» ដែលប្រមូលផ្តុំដោយគំនិត និងយុទ្ធសាស្ត្រពាក់ព័ន្ធការធ្វើធុរកិច្ច និងជំនួញអចលនទ្រព្យ។ ឧកញ៉ាបណ្ឌិត ផន វណ្ណិត ក៏បានថ្វាយសៀវភៅនេះចំនួនពីរក្បាល ដល់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង។
ក្នុងព្រះរាជសារជូនឧកញ៉ាបណ្ឌិត ផន វណ្ណិត កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានសៀវភៅនោះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានអរគុណឧកញ៉ាបណ្ឌិត ដែលបានខិតខំស្រាវជ្រាវ និងចងក្រងសៀវភៅនេះ ដើម្បីទុកជាឯកសារសម្រាប់ធ្វើការស្រាវជ្រាវ។
ឧកញ៉ា ផន វណ្ណិត បង្ហាញនូវក្តីសោមនស្សរីករាយក្រៃលែង និងចាត់ទុកការទទួលបានព្រះរាជសារពីព្រះមហាក្សត្រ ចំពោះស្នាដៃនិពន្ធរបស់លោកនាពេលនេះ ជារឿងប្រវត្តិសាស្ត្រមួយសម្រាប់រូបលោក។ លោកនឹងចង់ចាំចំពោះអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រ សម្រាប់សៀវភៅ «ថ្វីគំនិត» ស្នាដៃដំបូងរបស់លោក។
ឧកញ៉ា ផន វណ្ណិត បានឱ្យដឹងថា សៀវភៅថ្វីគំនិត ត្រូវបានលោកប្រើប្រាស់ចំណេះដឹង បទពិសោធន៍ទស្សនវិជ្ជាជីវិតពិត និងដកស្រង់ក្បួនខ្នាតឈរលើវិស័យអចលនទ្រព្យជាង ១០ឆ្នាំ ដោយទទួលបានជោគជ័យ។
លោកឧកញ៉ា បញ្ជាក់ថា «យើងម្នាក់ៗសុទ្ធតែអាចក្លាយជាអ្នកមានលុយ ព្រមទាំងបង្កើតរឿងរ៉ាវអស្ចារ្យបានគ្រប់ៗគ្នា។ អ្នកមានលុយកំពូលៗភាគច្រើនលើពិភពលោក កើតឡើងដោយសារមានគំនិត ប្រើប្រាស់គំនិត និងចេះបង្កើតឱកាស»។
អ្នកនិពន្ធដែលប្រសូតចេញពីកូនអ្នកក្រីក្រ អតីតកាលជាអ្នកបួសជាសង្ឃ ជាសាស្ត្រាចារ្យ បច្ចុប្បន្នជាអ្នកវិនិយោគអចលនទ្រព្យ និងជាថ្នាក់ដឹកនាំនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានបញ្ជាក់ថា សៀវភៅ «ថ្វីគំនិត» សម្បូរដោយគំនិតមិនចេះរីងស្ងួត យល់ដឹងស៊ីជម្រៅការធ្វើជំនួញ យុទ្ធសាស្ត្រទាញយកប្រយោជន៍ពីអចលនទ្រព្យ ចាប់ឱកាសមាស ឱកាសប្រាក់ ដើម្បីក្លាយជាអ្នកមានក្នុងរយៈពេលខ្លី។
លោកឧកញ៉ាថ្លែងបង្ហាញក្តីសង្ឃឹមខ្ពស់តាមរយៈសៀវភៅ «ថ្វីគំនិត»នេះ នឹងក្លាយជាបណ្តុំទិន្នន័យសំណៅឯកសារ ក្នុងការបង្កើតគំនិតគិតឱ្យចេញជាលុយ បើកទំព័រជីវិត ដឹកនាំធុរកិច្ច ឱ្យត្រូវ ហើយនឹងសាងភាពរីករាយ និងសុភមង្គលក្នុងជីវិត៕