(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរលោក រត្ន័ សណ្ដាប់ បានថ្លែងថានៅក្នុងតំបន់អាស៊ាន ឆ្នាំ២០២២នេះ បើពោលពីកម្ពុជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានពីថ្ងៃទី១០-១៣ ខែវិច្ឆិកានេះ ដែលមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលទាំងក្នុងតំបន់ និងក្រៅតំបន់ ព្រមទាំងប្រទេសមហាអំណាចធំៗ មានដូចជា ជប៉ុន, ឥណ្ឌា, រុស្ស៊ី, ចិន និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ ប៉ៃដិន Joe Biden ជាដើម គឺស្របពេលដែលស្ថានភាពពិភពលោកកំពុងតែជួបវិបត្ដិសកល បណ្ដាលមកពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន យ៉ាងក្ដៅគគុកនេះ។
បានបង្ហាញថាកម្ពុជា គឺជាផែនដី «សន្ដិភាព» សុវត្ថិភាព និងភាពក្សេមក្សាន្ដនៃតំបន់អាស៊ាន ក្លាយជាអរិយធម៌សាយភាយ ទៅកាន់ពិភពលោកយ៉ាងទន់ភ្លន់រស់រវើកនិងស្រស់បំព្រង។
លោក រត្ន័ សណ្ដាប់ បន្ដថាចំពោះការសាយភាយអរិយធម៌សន្ដិភាពទៅកាន់ពិភពលោកនេះ យើងឃើញសម្តេចតេជោ ហ៊ុន សែន ជាបិតាសន្ដិភាពនៃកម្ពុជា ក្នុងនាមប្រធានអាស៊ាន ដែលបានជួបសន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយលោក វ៉ូឡូឌីមៀ ហ្សេលិនស្គី-Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន ដោយបានដើរតួសម្របសម្រួលយ៉ាងសកម្មធ្វើឲ្យជម្លោះរវាងប្រទេសទាំងពីរងាកមកជិតគ្នា ចរចាគ្នា ដើម្បីសន្តិភាពអ៊ុយក្រែន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ប្រកបដោយផ្លែផ្កា និងមានភាពសិទ្ធិស្នាលជាទីបំផុត។
ផ្ដើមចេញពីទស្សនវិជ្ជាបិតាសន្ដិភាពនៃកម្ពុជា ក្នុងនាមប្រធានអាស៊ាន ដែលបានដើរតួយ៉ាងសកម្ម ចំពោះសន្ដិភាព វិបុលភាពនៅអ៊ុយក្រែន ជាការបញ្ជាក់ថា កម្ពុជា ជាបំណែកមួយចាំបាច់នៃស្ថាបត្យកម្ម «សន្ដិភាពអន្ដរជាតិ» សម័យទំនើប។
លោក រត្ន័ សណ្ដាប់ បញ្ជាក់ថាចំពោះទស្សនភូមិសាស្រ្ដនយោបាយ បើពោលអំពីអាស៊ានក្នុងទស្សនលោកខាងលិចវិញនោះគឺ៖ កាលពីស្ថិតក្នុងសង្រ្គាមត្រជាក់មុននេះ ចំពោះទស្សនលោកខាងលិច បានចាត់ទុកថា អាស៊ានគឺគ្រាន់តែជាទីកន្លែងផឹកតែ កាហ្វេ ញុំានំ ជជែកគ្នាលេងបន្ដិចបន្ដួច តែប៉ុណ្ណោះ។ បច្ចុប្បន្នក្នុងទស្សនលោកខាងលិច បានចាត់ទុកថា អាស៊ានគឺជាទីកន្លែងជួបជុំមេដឹកនាំធំៗជុំវិញពិភពលោក ជាតំបន់មួយយ៉ាងធំ សំខាន់ទាំងសេដ្ឋកិច្ច, ភូមិសាស្រ្ដនយោបាយ, យោធា និងជាកាតាលីករអរិយធម៌សន្ដិភាព សាយភាយទៅកាន់ពិភពលោកទាំងមូល។
ដោយឈរលើតំបន់អាស៊ានជាទីកន្លែង «សន្ដិភាព» ក្លាយជាអរិយធម៌សាយភាយទៅកាន់ពិភពលោកដ៏ស្រស់ត្រកាលនេះ។ ដូច្នេះអាស៊ានគួរទទួលបានពានរង្វាន់ណូប៊ែលសន្ដិភាពពិភពលោក៕