(តាកែវ)៖ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលរដ្ឋបាលខេត្តតាកែវ រៀបចំធ្វើឡើងនៅរមណីដ្ឋានទន្លេបាទី ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ រយៈពេលពីរថ្ងៃ ចាប់ផ្ដើមនៅវេលាម៉ោង ២រសៀល ថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះហើយ។

លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានប្រាប់ភ្នាក់ងារ Fresh News ថា ដំណើការអុំទូក ដែលរដ្ឋបាលខេត្ត បានរៀបចំនៅរមនីយដ្ឋានប្រវត្តិសាស្រ្តទន្លេបាទី នឹងចាប់ផ្ដើមនៅរសៀលថ្ងៃអាទិត្យនេះ ដោយមានទូកចូលរួមប្រកួតចំនួន ២៦ទូក។ ក្នុងចំណោមទូកទាំង២៦ ដែលបានចូលរួមប្រកួត រួមមានទូករដ្ឋបាលក្រុងស្រុកទាំង១០ នៅក្នុងខេត្តតាកែវចំនួន ២០ទូក និងទូកពិសេសខ្នាតអន្តរជាតិស្រុកគីរីវង់របស់លោក សុខ សូកាន ចំនួន ៦ទូក។

លោកអភិបាលខេត្តតាកែវ បានបន្តថា ការប្រណាំងទូកនៅរមណីយដ្ឋានទន្លេបាទីនេះដែរ រដ្ឋបាលខេត្ត ក៏មានការរៀបចំតាំងពិព័រណ៍ចំណីអាហារ និងផលិតរផលក្នុងស្រុក ការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចនៅពេលយប់ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោក អ៊ូច ភា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តតាកែវ និងប្រជាពលរដ្ឋនៅជាប់ខេត្តតាកែវ។ ជាពិសេសប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ អញ្ជើញមកចូលរួមលេងកម្សាន្តពិធីបុណ្យអុំទូកនៅរមណីយដ្ឋានទន្លេបាទី ក្នុងស្រុកបាទី ដែលនៅជិត និងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូកនៅរមណីយដ្ឋានប្រវត្តិសាស្រ្តទន្លេបាទី រយៈពេល២ថ្ងៃ ដែលរដ្ឋបាលខេត្តតាកែវ បានរៀបចំនេះ ក៏មានការផ្សាយបន្តផ្ទាល់ពីវិទ្យុ និងទូរទស្សន៍គោកធ្លក នៃមន្ទីរព័ត៌មានខេត្តតាកែវផងដែរ៕