(រតនគិរី)៖ អង្គកឋិនសាមគ្គីរបស់អាវុធហត្ថខេត្តរតនគិរី ផ្តួចផ្តើមដោយលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្ត ដង្ហែទៅកាន់វត្តសិលាសុវណ្ណគង្គ ប្រមូលបច្ច័យបានជាង ៥៤លានរៀល និង ៩៩០ដុល្លារ សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត។

អង្គកឋិនទាននេះ ក៏មានចូលរួមពីសំណាក់លោកមេបញ្ជាការរង, នាយសេនាធិការរង,ប្រធាន-អនុប្រធានមន្ទីរ, នាយការិយាល័យ, មេបញ្ជាការ-មេបញ្ជាការរងអាវុធហត្ថមូលដ្ឋានក្រុង ស្រុកទាំង៩, នាយ-នាយរង និងពលអាវុធហត្ថចំណុះឱ្យបញ្ជាការអាវុធហត្ថខេត្តរតនគិរី និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។

តាមប្រពៃណីនិងទំនៀមទម្លាប់ បុណ្យកឋិនទាន គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្តើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា។ បុណ្យកឋិនទានតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី ១៥កើត ខែកក្តិក គឺពុំមានវត្តណាមួយត្រូវបានខកខានឡើយ។

វិស័យសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយអប់រំ មនុស្សឲ្យដើរតាមគន្លងព្រះពុទ្ធសាសនា ដែលជាសាសនារបស់របស់រដ្ឋនិងជាស្នាដៃរបស់ដូនតាខ្មែរបន្សល់ទុក ឲ្យកូនចៅជំនាន់ក្រោយ គោរពនិងប្រតិបត្តិតាម ហើយបច្ចុប្បន្នឃើញថាប្រជាពលរដ្ឋដែលជាពុទ្ធសាសនិក បានគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននិងមានឱកាសបានធ្វើបុណ្យរួមគ្នាទៅតាមទីតាំងនិងតំបន់នីមួយៗ។ កត្តាទាំងនេះ ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបប្រជាពលរដ្ឋ ពុទ្ធិបរិស័ទមានឱកាសបានធ្វើបុណ្យ ទៅតាមទំនៀមទម្លាប់ប្រពៃណីនិងជំនឿសាសនារៀងៗខ្លួន។

សូមបញ្ជាក់ថា ក្នុងពិធីបុណ្យកឋិនទានសាមគ្គីនេះ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ឧបត្ថម្ភជូនដល់កងកម្លាំងការពារថវិកាចំនួន ១លានរៀលផងដែរ៕