(ព្រះសីហនុ)៖ កម្លាំងនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំបិតត្រាំង បានដឹកនាំកម្លាំងផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះបង្រ្កាបគ្រឿងញៀនមួយករណី។

ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ និងដឹកនាំបញ្ជាផ្ទាល់ពីលោក អ៊ួង វុទ្ធី អធិការដ្ឋាននគរបាលស្រុកព្រៃនប់ នៅចំណុចសេអ៉ីប្រាំ ស្ថិតក្នុងភូមិចំណោតរាម ឃុំបិតត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួនមួយនាក់។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថានៅថ្ងៃ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៥៖០០នាទី លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំងផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះបង្រ្កាបគ្រឿងញៀន ១ករណី នៅចំណុចសេអ៉ីប្រាំ ស្ថិតក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ នួន មាស ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

វត្ថុតាងដកហូតរួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ៤កញ្ចប់, និងទូរស័ព្ទដៃចំនួនមួយគ្រឿង។

នៅថ្ងៃដដែលនោះវេលាម៉ោង ១៦៖ ០០នាទី ជនសង្ស័យខាងលើបានសហការជាមួយកម្លាំងសមត្ថកិច្ច ចុះទៅឃាត់ ខ្លួនជនសង្ស័យបានចំនួនពីរនាក់បន្ថែមទៀត នៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង២មានឈ្មោះ ចាន់ រ៉ាត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ បច្ចុប្បន្នរស់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងឈ្មោះ ព្រឿន សីហា ភេទប្រុស អាយុ២៧ ឆ្នាំមុខរបរកម្មកររោងចក្រ បច្ចុប្បន្នរស់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៣កញ្ចប់, ទូរស័ព្ទដៃចំនួន០២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានអធិការដ្ឋាននគរបាលស្រុកព្រៃនប់កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕