(ព្រះសីហនុ)៖ កម្ពុជាបានចាប់ផ្ដើមរៀបចំពិព័រណ៍ពាណិជ្ជកម្មឆ្នាំ២០២២ (Cambodia Biz fair 2022) នៅខេត្តព្រះសីហនុ រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ក្រោមការរំពឹងទុកថា នឹងទទួលមានអ្នកចូលរួមចាប់ពី ៣០ ទៅ ៤០ម៉ឺននាក់ ដែលជាអ្នកលក់/អ្នកទិញកញ្ចប់ទស្សនកិច្ចទេសចរណ៍ ភ្ញៀវទេសចរ ដៃគូសហការ ពិសេសធុរជនពាក់ព័ន្ធវិស័យពាណិជ្ជកម្ម។

ក្នុងឱកាសបើកព្រឹត្តិការណ៍តាំងពិព័រណ៍ខាងលើ លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជានេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ដោយហេតុថាមានការផ្សារភ្ជាប់ទៅនឹងវិស័យទេសចរណ៍ ម្ហូបអាហារ និងភេសជ្ជៈ ក៏ដូចជាធុរកិច្ចពាណិជ្ជកម្មនានា។

លោកមើលឃើញថា នៅក្នុងបរិវេណពិព័រណ៍រយៈពេលយូរនេះ ភាគច្រើនមានការបង្ហាញម្ហូបអាហារ និងភេសជ្ជៈប្រចាំតំបន់ឆ្នេរ ក៏ដូចជាមានស្ដង់ឬពន្លារបស់ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ រមណីយដ្ឋានទេសចរណ៍ និងស្ដង់ផលិតផលទេសចរណ៍ក្នុងស្រុកជាច្រើន។

ថ្នាក់ដឹកនាំក្រសួងទេសចរណ៍រូបនេះ បានសង្កត់ធ្ងន់ថា «ប្រការនេះ គឺជាការបង្កើតឱកាសដល់អ្នកលក់ និងអ្នកទិញបានជួបគ្នា ទំនាក់ទំនងគ្នា ផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក ដើម្បីនាំយកផលិតផលទេសចរណ៍ពីកម្ពុជា នាំទៅផ្សព្វផ្សាយនិងលក់ជូនភ្ញៀវទេសចរនៅក្រៅប្រទេស ឈានដល់ការនាំភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើន សំដៅបង្កើតឱកាសការងារនិងមុខរបរជាច្រើនទៀតដល់អាជីវករនិងអ្នកបម្រើការក្នុងស្រុក»

លោក នី ផល្លី បានបន្តទៀតថា ក្នុងព្រឹត្តិការណ៍នេះដែរក៏មានការចូលរួមពីសំណាក់ធុរជនអន្តរជាតិចំនួន ៨ប្រទេសក្នុងតំបន់អាស៊ាន ព្រមទាំងមកពីក្រៅតំបន់ផងដែរ ពិសេសគឺប្រទេសចិន ឥណ្ឌា តួកគីជាដើម។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា បានថ្លែងថា ក្នុងព្រឹត្តិការណ៍នេះមានស្ដង់ផលិតផលចម្រុះសរុបចំនួន ២៥០ស្តង់ ក្នុងនោះមានក្រុមហ៊ុនអន្តរជាតិជាអ្នកទិញចូលរួមជិត ៧៥ក្រុមហ៊ុន។ ប្រធានសមាគមទេសចរណ៍រូបនេះ ជាអ្នកដឹកនាំរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម ក្រោមការសហការពីសំណាក់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ។

នាឱកាសចូលរួមពិព័រណ៍ពាណិជ្ជកម្ម២០២២ដែរនោះ លោកស្រី ស្រ៊ុង វិយ៉ាដា ប្រធានសភាណិជ្ជកម្មកម្មថៃប្រចាំខេត្តត្រាតបានថ្លែងថា ការណ៍ដែលលោកស្រីចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ គឺលោកស្រីបានមើលឃើញពីសារសំខាន់សម្រាប់ភាពជាដៃគូក្នុងវិស័យទេសចរណ៍។

លោកស្រី ក៏ដូចក្រុមធុរជននានាដែរ គឺមានការចាប់អារម្មណ៍ខ្លាំងក្នុងការនាំយក ផលិតផលទេសចរណ៍សំខាន់ៗពីប្រទេសកម្ពុជា យកទៅផ្សព្វផ្សាយ និងលក់ជាកញ្ចប់ទស្សនកិច្ចជូនភ្ញៀវទេសចរនៅប្រទេសថៃ ក៏ដូចជាប្រទេសទីបីផ្សេងទៀត។

ប្រធានសភាណិជ្ជកម្មកម្មថៃប្រចាំខេត្តត្រាតរូបនេះ បានបញ្ជាក់ទៀតថា លោកស្រីពិតជាមានក្ដីសោមនស្សរីករាយក្នុងការចូលរួមជំរុញចលនាទេសចរទៅមកកម្ពុជា-ថៃ ព្រមទាំងរួមគ្នាទាក់ទាញភ្ញៀវអន្តរជាតិដទៃទៀតឱ្យមកទស្សនា ក្នុងប្រទេសយើងទាំងពីរ។

ជាការរំពឹងរបស់លោក ធួន ស៉ីណាន ពិព័រណ៍ពាណិជ្ជកម្មឆ្នាំ២០២២ ឬ Cambodia Biz fair 2022 រយៈពេល ៥ថ្ងៃនេះ នឹងទទួលបានអ្នកចូលរួមចាប់ពី ៣០ម៉ឺននាក់ ឬអាចដល់៤០ម៉ឺននាក់ ដែលភាគច្រើនជាអ្នកលក់/អ្នកទិញកញ្ចប់ ទស្សនកិច្ចទេសចរណ៍ ភ្ញៀវទេសចរ ដៃគូសហការ ក៏ដូចជាធុរជនដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម៕