(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ តាមដងផ្លូវជាតិមួយចំនួនភ្ជាប់រាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា គេបានសង្កេតឃើញថា មានការធ្វើចរាចរណ៍យ៉ាងមមាញឹក។ ចរាចរណ៍នោះភាគច្រើន គឺជាដំណើររបស់ប្រជាពលរដ្ឋចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅតាមបណ្តាខេត្ត។
ថ្ងៃទី៧, ៨ និងទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ជាពេលវេលាដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យមន្ត្រីរាជការ និងតាមគ្រឹះស្ថានការងារឈប់សម្រាក ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។ ឆ្នាំនេះ ដោយសារតែកម្ពុជាជាប់រវល់នឹងការងាររៀបចំកិច្ចប្រជុំកំពូលអាស៊ាននោះ ដូច្នេះរាជរដ្ឋាភិបាលមិនមានការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅក្នុងរាជធានីភ្នំពេញនោះឡើយ។
ដោយមិនមានការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅក្នុងរាជធានីភ្នំពេញនេះហើយ ជាឱកាសមួយអនុញ្ញាតឱ្យអ្នករាជធានី បានចេញទៅលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាតាមបណ្តាខេត្ត និងអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរធ្វើការ ឬសិក្សារៀនសូត្រក្នុងរាជធានីភ្នំពេញ បានទៅលេងស្រុកកំណើតរបស់ពួកគេផងដែរ។
នៅព្រឹកថ្ងៃអាទិត្យនេះ គេបានសង្កេតប្រជាពលរដ្ឋជាច្រើន បានសម្រុកទៅលេងកម្សាន្តតាមបណ្តាខេត្ត ដែលធ្វើឱ្យចរាចរណ៍តាមផ្លូវជាតិចេញពីរាជធានីភ្នំពេញ មានសភាពមមាញឹក និងកកស្ទះដោយកន្លែងផងដែរ៕