(កណ្តាល)៖ អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងជាទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានគូសរំលេចថា សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា គឺជាតួអង្គដ៏សំខាន់ ដែលបាននាំមកនូវការអភិវឌ្ឍ និងភាពរីកចម្រើនសម្រាប់កម្ពុជា។ ជាពិសេសនាំមកនូវកិត្តិស័ព្ទយ៉ាងខ្ទរខ្ទាររបស់កម្ពុជានៅលើវេទិកាតំបន់ និងឆាកអន្តរជាតិ។

អ្នកឧកញ៉ា ទ្រី ភាព បានលើកឡើងបែបនេះក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា និងសកម្មជនគណបក្សប្រជាជនកម្ពុជា ស្រុកកណ្តាលស្ទឹងប្រមាណ ២,៣២២នាក់ នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

នៅចំពោះមុខសមាជិក សមាជិក ក៏ដូចជាសកម្មជនបក្សដ៏ច្រើនកុះករនោះ អ្នកឧកញ៉ា ទ្រី ភាព បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ អ្នកឧកញ៉ា បានគូសរំលេចថា បើទោះបីសម្តេចតេជោ មមាញឹកនឹងការងារធំៗរបស់ជាតិយ៉ាងណាក្តី តែសម្តេចតេជោ តែងនឹករលឹកដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ហើយបានណែនាំឱ្យក្រុមការងារ បក្សរៀបចំពិធីសំណេះសំណាល និងសួរសុខទុក្ខឱ្យបានជាប់ប្រចាំ។

នៅចំពោះមុខប្រជាពលរដ្ឋស្រុកកណ្តាលស្ទឹងដែលពីអតីតកាលគេចាត់ទុកជាតំបន់ដាច់ស្រយាលមួយនោះ អ្នកឧកញ៉ា ទ្រី ភាព បានលើកបង្ហាញពីការរីកចម្រើនរបស់សង្គមជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានដូចជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់ បូករួមទាំងផ្លូវល្បឿនលឿនជាដើម ដែលជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងទាក់ទាញការវិនិយោគបង្កើតការងារជូនប្រជាពលរដ្ឋ។ ក្នុងនោះស្រុកកណ្តាលស្ទឹង ក៏ទទួលបានផលកើតចេញពីគោលនយោបាយអភិវឌ្ឍន៍ ធ្វើឱ្យប្រជាពលរដ្ឋក្នុងស្រុកនេះ មានជីវភាពកាន់តែប្រសើរ មិនមែនជាតំបន់ដាច់ស្រយាលដូចគេលើកឡើងពីអតីតកាលទៀតនោះឡើយ។

ក្រៅតែពីលើបង្ហាញនូវការរីកចម្រើនរបស់ជាតិហើយនោះ អ្នកឧកញ៉ា ទ្រី ភាព ក៏បានលើកបង្ហាញពីកិច្ចអន្តរាគមន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលជួបគ្រោះទឹកជំនន់ក្នុងរដូវវស្សាឆ្នាំនេះ ដោយសម្តេចតេជោ បានអញ្ជើញចុះជួបពលរដ្ឋរងគ្រោះដោយផ្ទាល់ ហើយបានផ្តល់ស្រូវពូជធ្វើស្រែឡើងវិញ ព្រមទាំងផ្តល់ស្បៀងអាហារសម្រាប់ ដោះស្រាយការលំបាករបស់ពលរដ្ឋរងគ្រោះផងដែរ។

អ្នកឧកញ៉ា ក៏បានលើកឡើងពីជោគជ័យរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រក្សាបានអាយុជីវិតរបស់ប្រជាពលរដ្ឋ និងបើកសេដ្ឋកិច្ចបានឆាប់រហ័សឡើងវិញ តាមរយៈនយោបាយចាក់ស្រោចវ៉ាក់សាំង។ សម្រាប់អ្នកឧកញ៉ា ទ្រី ភាព បើគ្មានការដឹកនាំរបស់សម្តេចតេជោ ហើយដាក់ចេញនយោបាយមួយដ៏ច្បាស់លាស់ទេ កម្ពុជាប្រហែលជាមិនទាន់អាចគេចផុតពីការរាតត្បាតជំងឺកូវីដ១៩នោះឡើយ។

ទន្ទឹមនឹងការលើកបង្ហាញពីការកសាងសង្គម ដោះស្រាយបញ្ហាទឹកជំនន់ និងជំងឺកូវីដ១៩ហើយនោះ អ្នកឧកញ៉ា ទ្រី ភាព ក៏បានលើកបង្ហាញពីកិត្តិយសរបស់កម្ពុជាលើឆាកអន្តរជាតិ តាមរយៈនយោបាយការបរទេសដឹកនាំដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ។ អ្នកឧកញ៉ា បានលើកឡើងថា នៅសប្តាហ៍ក្រោយនេះ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងមានការអញ្ជើញចូលរួមពីមេដឹកនាំល្បីៗលើពិភពលោកជាច្រើន រួមទាំងប្រធានាធិបតីអាមេរិកផងដែរ។

សម្រាប់អ្នកឧកញ៉ា ការទទួលបានឱកាសរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនេះ គឺជាជោគជ័យនៃនយោបាយការបរទេសរបស់កម្ពុជា ហើយក៏ជានាំមកនូវកិត្តិយសសម្រាប់ជាតិ និងប្រជាជនកម្ពុជាផងដែរ។ អ្នកឧកញ៉ា បានគូសរំលេចថា កម្ពុជាពីអតីតកាលធ្លាប់តែយាយីដោយសង្គ្រាម ជាប្រទេសអន់ថយ តែបច្ចុប្បន្នកម្ពុជាមានតួនាទីកាន់តែសំខាន់ ហើយបានរួមចំណែកដោះស្រាយបញ្ហារបស់ពិភពលោកផងដែរ។

សមិទ្ធផលដែលបានលើកបង្ហាញខាងលើនេះ អ្នកឧកញ៉ា បានអះអាងថា មិនអាចកើតមានឡើយ ប្រសិនបើគ្មានការដឹកនាំមួយដ៏ត្រឹមត្រូវទេនោះ។ ដូច្នេះនេះ គឺសុទ្ធសឹងជាសមិទ្ធផលកើតចេញពីការដឹកនាំមួយប្រកបដោយភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិត និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះជាតិ និងប្រជាជនកម្ពុជា។

ក្នុងឱកាសនោះអ្នកឧកញ៉ា ទ្រី ភាព បានរំលឹកប្រជាពលរដ្ឋឱ្យទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ហើយត្រូវណែនាំដល់កូនចៅ ដែលគ្រប់អាយុបោះឆ្នោតទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីមានសិទ្ធិទៅបោះឆ្នោតនៅឆ្នាំ២០២៣។

អ្នកឧកញ៉ា ក៏មិនភ្លេចរំលឹកពលរដ្ឋផងដែរថា ដើម្បីទទួលបានការរីកចម្រើន ទទួលបានសុខសន្តិភាព និងការរស់នៅដោយសុខសាន្ត ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោបន្តធ្វើជានាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលនាព្រឹកមិញនេះ អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ក៏បាននាំយកនូវអំណោយជាអង្ករ និងថវិកា មួយចំនួនដើម្បីចែកជូនដល់អ្នកចូលរួមចំនួន ២,៣២២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០,០០០រៀល។ ដោយឡែកអង្គភាពមួយចំនួនទៀត ដូចជា គណបក្សស្រុកថវិកា ៦,០០០,០០០រៀល នគរបាលថវិកា ២,០០០,០០០ រៀល អាវុធហត្ថថវិកា ១,៥០០,០០០រៀល យោធាសឹករងថវិកា ១,០០០,០០០រៀល គណបក្សឃុំទាំង ១៨ឃុំ ក្នុងមួយឃុំៗទទួលបានចំនួន ១,០០០,០០០ រៀល និងអង្ករ ១តោន កាកបាទក្រហមថវិកា ៤,០០០,០០០រៀល និងអង្ករ ២តោន វិទ្យាល័យហ៊ុនសែនកំពង់កន្ទួតថវិកា ២,០០០,០០០រៀល សាលាបឋមសិក្សាហ៊ុនសែនបាគូរថវិកា ១,០០០,០០០រៀល និងចំណាយផ្សេងៗទៀតដែលសរុបជាទឹកប្រាក់អស់ប្រមាណជា ២៤០លានរៀល៕