(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នឹងរៀបចំពិធីប្រណាំងទូកជាលក្ខណៈសហគមន៍ បង្ហោះគោម បាញ់កាំជ្រូច និងបណ្តែតប្រទីបរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ពិធីនេះប្រារព្ធធ្វើឡើងនៅទីតាំងទំនប់៩៥ ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា ក្រៅតែពីកម្មវិធីរៀបរាប់ខាងលើហើយនោះ នៅមានកម្មវិធីកម្សាន្តសប្បាយពេលរាត្រីជាច្រើនថែមទៀត។

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា ការប្រារព្ធពិធីនេះ គឺចំពេលប្រជាពលរដ្ឋឈប់សម្រាកអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលអាចឱ្យពួកគាត់ចូលរួមលេងកម្សាន្តក្នុងពិធីនេះផងដែរ។

លោកអភិបាលខេត្តប្រកាសស្វាគមន៍ និងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងក្នុងខេត្ត និងទៅពីបណ្តាខេត្តនានា ចូលរួមលេងកម្សាន្តសប្បាយ និងសម្រាកលំហែនៅទឹកដីខេត្តព្រះវិហារដ៏សែនមនោរម្យ៕