(កំពង់ចាម)៖ លោក មួន វាសនា ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម បានដាស់តឿនដល់និស្សិត ថ្នាក់បរិញ្ញាបត្រជំនាន់ទី ១៧ និងថ្នាក់អនុបណ្ឌិត ចំនួន ២៨៦នាក់ ដែលបានការពារសារណាបញ្ចប់ ការសក្សានាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោក មួន វាសនា បានថ្លែងថា ក្នុងនាមជាប្រធានគណៈគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម ជូនពរឱ្យនិស្សិតការពារសារណាទាំងអស់ ជឿជាក់លើសមត្ថភាពខ្លួនឯង និងខិតខំធ្វើបទបង្ហាញ ឱ្យបានគ្រប់ជ្រុងជ្រោយ នៃខ្លឹមសារសារណារបស់ខ្លួន និងឆ្លើយសំណួរ ឱ្យអស់ពីសមត្ថភាព។ ពេលបញ្ចាប់ពិធីការពារសារណាហើយ ត្រូវពិនិត្យ ខ្លឹមសារសៀវភៅសារណារបស់ខ្លួន ឱ្យបានហ្មត់ចត់ ដើម្បីសុំការត្រួត្យពិនិត្យពីគណៈកម្មការរបស់សាកលវិទ្យាល័យ ដើម្បីទុកជាស្នាដៃរបស់ខ្លួន និងក្រុមការពារសារណារ។

លោក មួន វាសនា បានគូសបញ្ជាក់ថា «លទ្ធផលនៃការសិក្សា ដែល ប្អូនៗបានប្រឹងប្រែងរៀនសូត្រ បានការប្រឡងបញ្ចប់ថ្នាក់ បរិញ្ញាបត្រក្រោមការត្រួត្យពិនិត្យរបស់ក្រសួងអប់រំ យុវជន និងកីទ្បាកន្លងមក ព្រមទាំងការពារសារណានាថ្ងៃនេះ គឺជាសក្ខីភាព ជាផ្លែផ្កាចេញពីលទ្ធផល នៃចំណេះដឹងដែលបានសិក្សា និងកម្មសិក្សានៅតាមបណ្តាស្ថាប័នរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងក្រុមហ៊ុនឯកជននានា គឺជាការផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្តន៍ការងារជាក់ស្តែង ដោយការតាំងចិត្ត ប្រឹងប្រែង និងពីការលះបង់ ពេលវេលាព្យាយាម រៀនសូត្រកន្លងមក»

លោកបន្តថា សេចក្តីព្យាយាម និងកិច្ចខិតខំ ប្រឹងប្រែងដ៏លំបាក ជាច្រើនឆ្នាំកន្លងមកនេះ បានបំពាក់បំប៉នសមត្ថភាព ជាកម្លាំងកាយ កម្លាំងចិត្ត គំនិតប្រាជ្ញា ខួរក្បាល បេះដូង និងជំនាញ ភាពប៉ិនប្រសប់ ប្រកបដោយ គំនិតឆ្នៃប្រឌិត ដែលកើតចេញពីការសិក្សា គឺជាធនធានបញ្ញាដ៏ចាំបាច់ មិនអាចខ្វះបាន ដើម្បីធានានិរន្តរភាព នៃការសិក្សា ដើម្បីចូលរួមការអភិវឌ្ឍន៍ សុខសន្តិភាព បូរណភាពទឹកដី និងភាពសម្បូររុងរឿងនៃប្រទេសជាតិ នាពេលអនាគត។

លោកទីប្រឹក្សា បានលើកទឹកចិត្តដល់និស្សិតទាំងអស់ ត្រូវចេះសម្លឹងមើលឱកាស ជ្រើសរើសរកការងារណាមួយ ដែលខ្លួនពេញចិត្ត ហើយខិតខំបំពេញភារកិច្ចទោះធំក្តី តូចក្តី ឱ្យបានល្អ ដើម្បីបានទទួលការលើកទឹកចិត្តពីស្ថាប័ន និងបន្តឆ្លៀតសិក្សាអនុបណ្ឌិតបន្តទៀត។

លោក មួន វាសនា បានរំលឹកថា ទោះជួបការលំបាកយ៉ាងណា ត្រូវតែតស៊ូ ជម្នះរាល់ការលំបាក ព្រោះមានតែការសិក្សាទេ ដែលធ្វើឲ្យជីវិតជៀសផុតពីការលំបាកដោយភាពក្រីក្រ ឈានទៅរកភាពជោគជ័យក្នុងជីវិត ព្រោះភាពជោគជ័យ កើតចេញពីការសិក្សា គឺមានរហូតដល់ ៩០ភាគរយ៕