(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញនូវការស្ញប់ស្ញែង និងគោរពសរសើរជាខ្លាំងចំពោះសកម្មភាពបម្រើការងារ ជូនជាតិមាតុភូមិ របស់នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា សកម្មភាពបំពេញការងាររបស់លោកទេសរដ្ឋមន្ត្រី គន់ គីម គឺជាគំរូមួយដ៏ឧត្តមសម្រាប់យុវជនជំនាន់ក្រោយ។

តាមរយៈលិខិតចូលរួមអបអរសាទរក្នុងឱកាសលោកទេសរដ្ឋមន្ត្រី ទទួលបានគោរមងារ «កិត្តិសង្គហបណ្ឌិត» លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា «ខ្ញុំបាទសូមគោរពកោតសរសើរចំពោះឯកឧត្តមកិត្តិសង្គហបណ្ឌិត ដែលបានចំណាយកម្លាំងកាយ ចិត្ត បញ្ញា និងស្មារតី ក្នុងការបំពេញបេសកកម្មបម្រើជាតិមាតុភូមិ ដោយមិនខ្លាចនឿយហត់នាពេលកន្លងមក ដែលនេះគឺជាគំរូគួរជាទីមោទនៈ និងដ៏ឧត្តុង្គឧត្តមបំផុតសម្រាប់យុវជនជំនាន់ក្រោយ»

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិសង្គហបណ្ឌិត» ជូនដល់លោកទេសរដ្ឋមន្ត្រី គន់ គីម។

គោរមងារនេះ មានន័យថា បណ្ឌិត​ប្រកបដោយ​កិត្តិយស និង​មានចិត្ត​សប្បុរស​ក្នុងកា​រ​ជួយសង្គ្រោះ​អ្នកដទៃ។

ការត្រាស់បង្គាប់នូវគោរពងារដោយមានការទូលថ្វាយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជូនលោកទេសរដ្ឋមន្ត្រី គន់ គីម នាពេលនេះ បន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ក៏ដូចជារាជរដ្ឋាភិបាល បានសព្វព្រះទ័យ និងពេញចិត្ត ចំពោះសកម្មភាពប្រកបដោយភាពស្វាហាប់ក្នុងការបម្រើជាតិ និងប្រជាជនរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម។ ជាពិសេសនៅពេលជាតិជួបគ្រោះមហន្តរាយផ្សេងៗ៕