(កណ្ដាល)៖ សកម្មជន CNRP ម្នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ក្រោយពេលត្រឡប់មកពីជួបជុំគ្នា ទីស្នាក់ការបក្សកណ្ដាល នៅរាជធានីភ្នំពេញវិញ។
សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនាម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវជាតិលេខ៣៨០ ស្ថិតនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាក Click ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CG-3747 ជិះមកពីភ្នំពេញ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ក៏រេចង្កូត បុកខឿនថ្ម នៅមុខផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
សមត្ថកិច្ចបន្ដថា ជនរងគ្រោះខាងលើមានឈ្មោះ យី យិន អាយុ៦៦ឆ្នាំ មានទីលំនៅភូមិតាកែវ១ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយក៏ជាសកម្មជនគណបក្សសង្គ្រោះជាតិ ដែលទើបតែមកពីទីស្នាក់ការកណ្ដាល នៅរាជធានីភ្នំពេញ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍នេះតែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទង ទៅក្រុមគ្រួសារ ដើម្បីមកយកសាកសព ទៅធ្វើបុណ្យតាមប្រពៃណី៕