(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២២ ចំនួន៨៧៨នាក់ ក្នុងស្រុកបាកាន រួមមានវិទ្យាល័យបាកាន ៣២១នាក់, វិទ្យាល័យព្រះម្លូរ ២៣៥នាក់, វិទ្យាល័យរំលេច ១១០នាក់ និងវិទ្យាល័យអូរតាប៉ោង ២១២នាក់។
ពិធីនេះត្រូវបានធ្វើឡើងជារួម នៅបរិវេណស្នាក់ការគណបក្សឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកតាលោសែនជ័យ, លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត, ក្រុមការងារចុះជួយស្រុក ឃុំ អាជ្ញាធរមូលដ្ឋាន នាយក នាយករង លោកគ្រូ អ្នកគ្រូ និងប្អូនៗក្មួយៗសិស្សានុសិស្ស ថ្នាក់ទី១១ និងទី១២យ៉ាងច្រើនកុះករ។
មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ លោក កែវ រតនៈ បានលើកឡើងថា យើងមានឱកាសជួបជុំគ្នានាពេលនេះ គឺដោយសារសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតទៅប្តូរ រហូតទទួលបានសន្តិភាព និងការអភិវឌ្ឍមកទល់សព្វថ្ងៃ។ ហើយថ្ងៃនេះ គឺជាថ្ងៃដំបូងបង្អស់ ក្រោយការចាត់តាំង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានការជួយគាំទ្រ ពីសំណាក់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ ដែលមានទំនុកចិត្តចាត់រូបលោក ឱ្យជួយពង្រឹងការងារយុវជន និងបណ្តាញគ្រូបង្រៀន ក្នុងស្រុកបាកាន បន្ថែមពីលើការងារបច្ចុប្បន្ន។
ជាការពិតណាស់ថា ប្អូនៗក្មួយៗទាំងអស់ ពុំទាន់បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខក៏ពិតមែន ក៏ប៉ុន្តែក្នុងនាមថ្នាក់ដឹកនាំ លោកក៏សូមជូនពរដល់ប្អូនៗក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យប្រឡងជាប់គ្រប់ៗគ្នា ដើម្បីឈានទៅសម្រេចបំណងប្រាថ្នា ទៅថ្ងៃអនាគត។
លោក កែវ រតនៈ ក៏បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន ដែលធ្លាប់បានជួបនូវបញ្ហាលំបាកនានា ក្នុងរបបខ្មែរក្រហម រហូតរួចផុតពីការកាប់សម្លាប់ អាចរស់រានមានជីវិត ទទួលបានសុខសន្តិភាព និងមានឱកាសសិក្សារៀនសូត្រ ឈានទៅសម្រេចគោលបំណង ក្លាយជាថ្នាក់ដឹកនាំមកដល់បច្ចុប្បន្ន។ លោកបានកោតសរសើរ ដល់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់ចិត្ត ខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស មិនថាមានបញ្ហាទុក្ខលំបាកយ៉ាងណា ក៏មិនថ្អូញថ្អែរ ហើយតស៊ូពុះពារគ្រប់ឧបសគ្គ។
លោកក៏បានផ្តល់ដំបូន្មាន ដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ សិក្សាស្រាវជ្រាវបំពេញបន្ថែម និងបង្កើននូវចំណេះដឹងភាសាបរទេស ដើម្បីអនាគតរបស់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ពិសេសមានឱកាសចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ដែលជាទីកន្លែងកំណើររបស់យើង។ បន្ថែមពីនោះ លោកក៏បានជម្រាបជូនពីការអភិវឌ្ឍន៍រីកចម្រើន នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ក៏ដូចស្រុកក្រុងដ៏ទៃទៀតក្នុងខេត្តពោធិ៍សាត់ ដែលមានទាំងរោងក្រកាត់ដេរ, រោងចក្រតម្លើងត្រង់ស្វូរ, រោងចក្រផ្គុំ និងតម្លើងរថយន្ត Fordរបស់អាមេរិក, ស្ថានីយ៍ផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ (Solar Farm)...ហើយនាពេលឆាប់ៗខាងមុខ នឹងមានការអភិវឌ្ឍស្ថានីយ៍ឥន្ធនៈ ស្ថានីយ៍សាករថយន្តអគ្គិសនី ចំណតរថយន្ត កាហ្វេ និងពហុកីឡដ្ឋានស្តង់ដារបន្ថែមទៀត ។ល។
លោកសូមឱ្យប្អូនៗក្មួយៗសិស្សានុសិស្ស ថ្នាក់ទី១២ ដែលជិតឈានចេញពីភូមិឋាន ទៅបន្តការសិក្សារៀនសូត្រ សម្រាប់ថ្នាក់ឧត្តម ឬឈានទៅចាប់មុខជំនាញផ្សេងៗទៀត សូមខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីសម្រេចការប្រឡងសញ្ញាបត្រទុតិយភូមិ នាពេលខាងមុខ ឱ្យទទួលបានលទ្ធផលផ្លែផ្កា និងនិទ្ទេសល្អ សម្រាប់ជាប្រទីបបំភ្លឺផ្លូវទៅថ្ងៃអនាគត។
ជាការលើកទឹកចិត្ត ដល់ប្អូនៗក្មួយៗសិស្សានុសិស្ស ថ្នាក់ទី១២ លោកបានប្រកាសរៀបចំដំណើរទស្សនកិច្ចសិក្សា នាំប្អូនៗក្មួយៗ ទៅកាន់ខេត្តសៀមរាប ដែលជាបេះដូងនៃប្រទេសកម្ពុជា ក្រោយការប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២២នេះ។ ឆ្លៀតក្នុងឱកាសនោះ លោក កែវ រតនៈ ក៏បានចែកជូនវត្ថុកំដរដៃ ដល់ប្អូនៗក្មួយៗសិស្សានុសិស្ស ទាំង៨៧៨នាក់ ដោយក្នុងម្នាក់ៗ ទទួលបានតុក្កតា១ និងថវិកា៥ម៉ឺនរៀលស្មើៗគ្នា៕