(ជប៉ុន)៖ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ បានជួបពិភាក្សាការងារ សំណេះសំណាល និងហូបអាហារសាមគ្គីជាមួយឲប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅតំបន់អូសាកាប្រទេសជប៉ុនសរុបចំនួន ៨៥នាក់។
ជំនួបនេះធ្វើឡើង នៅរសៀលថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយលោកបានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងជូនពររបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលធ្លាប់ជួបប្អូនៗ និស្សិតមុនពេលចេញដំណើរកន្លងមករួចផងដែរ។
ក្នុងឱកាសនោះ លោក ហេង សួរ បានជម្រាបជូនប្អូនៗ និស្សិត កម្មសិក្សាការី និងពលករជំនាញផងដែរថា វត្តមានដែលយើងទាំងអស់គ្នាមាននៅលើទឹកដីជប៉ុននាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន។
លោកបានបន្តថា ទោះបីបងប្អូនមកបន្តការសិក្សា ឬធ្វើការនៅទីនេះក៏ដោយ គឺបងប្អូនប្រាកដជាកូនដ៏ល្អសម្រាប់គ្រួសារ ពីព្រោះបងប្អូនប្រាកដជាបាននាំមកនូវកិត្តិយស និងផលចំណូលជូនគ្រួសារ ហើយបងប្អូនគឺជាធនធានមនុស្សដែលចាំបាច់មួយក្នុងការរួមចំណែកកសាង និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាពេលដែលបងប្អូនរៀបចប់ ឬបញ្ចប់កិច្ចសន្យាការងារនៅប្រទេសជប៉ុន។
លោក ហេង សួរ ក៏ស្នើសុំដល់បងប្អូនខ្មែរយើងនៅជប៉ុនឱ្យបន្តរក្សាសាមគ្គីភាព ចេះជួយគ្នាទៅវិញទៅមក ឆ្លៀតពេលសង្កេត និងបណ្តុះបណ្តាលគំនិតសហគ្រិនភាព ខិតខំលើកកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ និងផ្សព្វផ្សាយពីចំណុចល្អៗ នៃកម្ពុជាដើម្បីទាក់ទាញភ្ញៀវជនជាតិជប៉ុនឱ្យទៅទស្សនានៅប្រទេសកម្ពុជា និងធ្វើវិនិយោគនៅកម្ពុជាថែមទៀត ដើម្បីបង្កើតការងារជូនខ្លួនឯងផង និងជូនទៅដល់បងប្អូនដែលនៅស្រុកកំណើតផងដែរ៕