(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងអំពីតម្លៃសន្តិភាពដែលរាជរដ្ឋាភិបាលខិតខំថែរក្សាការពារសព្វថ្ងៃ និងបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាមរតកសន្តិភាពនេះទាំងអស់គ្នា ដើម្បីបន្តការអភិវឌ្ឍរីកចម្រើន ជំរុញជីវភាពរស់នៅ ព្រមទាំងមានឱកាសរៀបចំពិធីបុណ្យកម្សាន្តនៅទូទាំងប្រទេស។
ការអំពាវនាវយ៉ាងដូច្នេះត្រូវបានធ្វើឡើងនាឱកាសលោក ថោង ខុន អញ្ជើញបិទពិធីបុណ្យប្រណាំងទូកនៅខេត្តកំពង់ធំ នាល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលរៀបចំឡើងតាំងពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ពិធីនេះដែរក៏មានការចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្តនិងអភិបាលរងខេត្តកំពង់ធំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ថ្នាក់ដឹកនាំ មន្រ្តីក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំង៣ កីឡាករចំណុះទូក ប្រជាពលរដ្ឋ ភ្ញៀវទេសចរយ៉ាងច្រើនកុះករ។
នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា សន្តិភាពបានផ្តល់ឱកាសឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលញ៉ាំងឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើងជាលំដាប់។
លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាមរតកសន្តិភាពនេះទាំងអស់គ្នា ដើម្បីបន្តការអភិវឌ្ឍរីកចម្រើនសេដ្ឋកិច្ច/សង្គម ជំរុញជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងមានឱកាសរៀបចំពិធីបុណ្យកម្សាន្តនៅទូទាំង ប្រទេស។
លោក ថោង ខុន បានបន្តទៀតថា ចំពោះអ្នកដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឬដល់អាយុត្រូវចុះឈ្មោះ ឬមានសមាជិកគ្រួសារត្រូវចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅពិនិត្យឈ្មោះ ផ្ទៀងផ្ទាត់ឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ/សង្កាត់របស់ខ្លួន ដែលកំពុងដំណើរការចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដើម្បីអាចបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តបាននៅឆ្នាំ២០២៣ខាងមុខ។
ប្រធានក្រុមការងាររាជរដ្ឋាភិបាលខេត្តកំពង់ធំបានអំពាវនាវសូមប្រជាពលរដ្ឋ និងមន្រ្តីរាជការខេត្តកំពង់ធំអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) នៅតាមមណ្ឌលសុខភាពរបស់ខ្លួនតាមពេលវេលា និងការកំណត់របស់គ្រូពេទ្យ។
គួរជម្រាបថា ឆ្នាំនេះព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មិនបានរៀបចំធ្វើនៅរាជធានីភ្នំពេញឡើយ ដោយសាររាជរដ្ឋាភិបាលជាប់រវល់មហាញឹកក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលនានា និងទទួលស្វាគមន៍ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសធំៗមកពីជុំវិញពិភពលោក។ ប៉ុន្តែនៅតាមបណ្តាខេត្តមួយចំនួនដែលនៅជាប់ដងទន្លេ ស្ទឹង ក៏បានរៀបចំពីធីបុណ្យអុំទូកប្រពៃណីដ៏ឱឡារឹក រួមទាំងខេត្តកំពង់ធំផងដែរ។
លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំបានរាយការណ៍ពីលទ្ធផលនៃពិធីអុំទូកខេត្តកំពង់ធំឆ្នាំនេះដែលមានទូកចូលរួមប្រណាំងចំនួន៤១ទូក និងមានកីឡាករសរុបទាំងអស់ចំនួន១,១៦១នាក់ ក្នុងនោះទូកវែង៤ទូក ទូកខ្នាតអន្តរជាតិ១៦ទូក និងទូកផ្កាចារ២១ទូក។ រយៈពេល២ថ្ងៃនេះ ក្រុមកីឡាករអុំទូកទាំងពេញសិទ្ធិ និងបម្រុងបានខិតខំប្រឹងប្រែងរួមសហការគ្នាយ៉ាងល្អទាំងកម្លាំង និងបច្ចេកទេស ដើម្បីធ្វើយ៉ាងណាឱ្យទូករបស់ខ្លួនមានល្បឿនលឿន និងដណ្តើមជោគជ័យក្នុងការប្រកួត៕