(ភ្នំពេញ)៖ លោក ពុយ គា ដែលជាអ្នកសារព័ត៌មានជើងចាស់ជំនាញកិច្ចការអាស៊ាន និងកិច្ចប្រជុំអន្តរជាតិធំៗ បានលើកឡើងថា ដើម្បីរក្សាអាស៊ានកុំឱ្យបែកបាក់ កម្ពុជាដែលជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ បានថ្នាក់ថ្នមមីយ៉ាន់ម៉ា (ភូមា) តាំងពីដើមឆ្នាំ។

លោកលើកឡើងដូច្នេះថា៖ «ខ្មែរយើងខ្លាំងនៅរួបរួមភូមាបាន បើយើងក្ដុងក្តាំងឆេវឆាវ ភូមាគាត់ថាគាត់អត់ចូលទាំងអស់ គាត់សុំដកខ្លួនចេញពីអាស៊ាន អញ្ចឹងខ្មែរយើងបរាជ័យធំមែនទែនក្នុងការធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២២ហ្នឹង»

«…អាចថាមិនដឹងចេតនារបស់ប្រទេសជិតខាងយើងចេះតែរុញទៅ ដាក់ឱ្យខ្លាំងទៅ បើតាមគេទៅគឺដាក់ពុប ភូមាចេញបាត់ទៅមិនងាប់យើង ប្រវត្តិសាស្ត្រថា ភូមាចេញនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។ នេះជាការថ្លែងរបស់លោក ពុយ គា។​

លោកបានបញ្ជាក់ថា ចំណុចនេះហើយដែលសម្តេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ាន និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជាប្រេសិតពិសេសប្រធានអាស៊ានបាន «ថ្នាក់ថ្មមភូមាមិនឱ្យចេញនៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទេ»

កម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានលើកទី៣ នៅឆ្នាំ២០២២ ចំពេលដែលពិភពលោកប្រឈមនឹងបញ្ហាស្មុគ្រស្មាញច្រើនជាងគេក្នុងប្រវត្តិកិច្ចប្រជុំអាស៊ានដែលមានរឿងធំៗរហូតដល់ទៅ៥ដាក់នៅលើតុ៖ បញ្ហាមីយ៉ាន់ម៉ា ម៊ីស៊ីលកូរ៉េខាងជើង ជម្លោះនៅសមុទ្រចិនខាងត្បូង ជម្លោះតៃវ៉ាន់ជាមួយចិន និងសង្រ្គាមនៅអ៊ុយក្រែនជាមួយរុស្ស៉ី។

លោក ពុយ គា បានលើកឡើងខាងលើ ក្នុងកម្មវិធីជំនួបជាមួយអ្នកសារព័ត៌មានជាន់ខ្ពស់ជិត១០០នាក់ ស្តីពី «ការត្រៀមយកព័ត៌មានស្តីពីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) កាលពីរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២៕